កម្ពុជា នឹងដាក់ចេញកញ្ចប់ទស្សនាអង្គរពេញមួយជីវិត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីទាក់ទាញមកទស្សនារមណីយដ្ឋានអង្គរ
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា កម្ពុជា នឹងដាក់ចេញកញ្ចប់ទស្សនាអង្គរពេញមួយជីវិត សម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដើម្បីទាក់ទាញពួកគេឱ្យមកទស្សនារមណីយដ្ឋានអង្គរ ក៏ដូចជាខេត្តសៀមរាបបានច្រើនដង។
គម្រោងដ៏ពិសេសនេះ ក្រសួងទេសចរណ៍ និងក្រសួង/ស្ថាប័នពាក់ព័ន្ធកំពុងសិក្សារៀបចំ ដើម្បីស្នើទៅកាន់រាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។
ក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា «ក្រសួងទេសចរណ៍ កំពុងសិក្សាជាមួយក្រសួង/ស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះក៏នឹងស្នើសុំការពិនិត្យ និងសម្រេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន»។
សូមបញ្ជាក់ថា សំណើមួយក្នុងចំណោមនោះ គឺការរៀបចំឱ្យមានបណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass) ដោយអាចមានជាជម្រើស ក្នុងការគិតគូរលក់ជាកញ្ចប់បណ្ណទស្សនា (Angkor Pass Package) ដែលអាចឱ្យទេសចរអន្តរជាតិទស្សនាតំបន់ប្រាសាទ ឬតំបន់ផ្សេងៗទៀតពេញមួយជីវិត ឬការលក់បណ្ណជាទម្រង់កញ្ចប់ទស្សនកិច្ចអាទិភាព (Privileged Pass Package) ដែលអនុញ្ញាតឱ្យទេសចរអន្តរជាតិ អាចមានសិទ្ធិអាទិភាពក្នុងការប្រើប្រាស់សេវាកម្មទេសចរណ៍ និងចូលទស្សនារមណីដ្ឋានអង្គរពេញមួយជីវិត៕
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ