ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវការពារការចម្លងនៃជំងឺពងបែក ដៃ ជើង និងក្នុងមាត់ ក្រោយរកឃើញលើកុមារនៅតាមបណ្ដាលខេត្តមួយចំនួន។

យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយវីរុស ច្រើនកើតមានចំពោះទារក និងកុមារ ភាគច្រើនលើកុមារ ដែលមានអាយុតិចជាង១០ឆ្នាំ ជាពិសេស កុមារអាយុក្រោម៥ឆ្នាំ។

ក្រសួង បន្ដថា ជំងឺនេះកើតមាននៅ ក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១២ ហើយក៏ជាជំងឺដែលកើតមាននៅប្រទេសជាច្រើនលើពិភពលោកផងដែរ។ ជំងឺពងបែកនៅ ដៃ ជើង និងក្នុងមាត់ ខុសពី ជំងឺជើង និងមាត់ ដែលកើតឡើងចំពោះសត្វគោ។ ជំងឺពងបែក នៅដៃ ជើង និងក្នុងមាត់ មិនឆ្លងទៅ ឬចម្លងមកពីសត្វចិញ្ចឹម សត្វពាហនៈដទៃឡើយ។

ក្រសួង បន្ថែមទៀតថា ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ បង្កដោយអង់តេរ៉ូវីរុស (Enterovirus) ដែលភាគច្រើនដោយវីរុស កុកសាគី (Coxsacdevirus) ហើយជាទូទៅបណ្តាលឲ្យមានជំងឺស្រាល ។ ជំងឺពងបែកនៅដៃជើង និងក្នុងមាត់ ក៏អាចបង្កឡើងដោយ Enterovirus 71 (EV-71) ដែលមួយចំនួនអាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ស្លាប់។

សូមបញ្ជាក់ថា ជំងឺនេះជាទូទៅចាប់ផ្តើមឡើងដោយមាន ក្ដៅខ្លួន ការហូបចុកថយចុះ អស់កំលាំង និងឈឺបំពង់ក។ ស្បែកមានរមាស់ចាប់ផ្តើមចេញក្នុងកំឡុងពេល ១ ទៅ ២ថ្ងៃ ដោយមានស្នាមចំនុចក្រហមអុចៗ និងខ្លះមាន ពងបែក នៅលើបាតដៃ ដៃ បាតជើង ក្នុងមាត់ និងពេលខ្លះលើកំប៉ះគូទ ឬ អវៈយវៈភេទ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ