បន្ទាយមានជ័យ៖ ជនជាតិចិន២នាក់ បង់ក្លាដេស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឆ្មក់ចូលចាប់ខ្លួនពាក់ពន្ធ័ករណីពង្រត់និងបង្ខាំងមនុស្សខុសច្បាប់ នៅក្នុងកាស៊ីណូមួយកន្លែងក្នុងបុរី សាន ហូ ក្រុងប៉ោយប៉ែត និងបានរំដោះជនរងគ្រោះជនជាតិថៃ៦នាក់ ជនជាតិខ្មែរ២នាក់ នៅភូមិគីឡូម៉ែត្រ៤ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យកមកសួរនាំកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ធ្វើឡើងបន្ទាប់ពីមានសាច់ញាតិជនរងគ្រោះបានមកប្តឹងសុំឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ខណ:បងប្អូនរបស់ខ្លួនបានទៅដាក់ពាក្យធ្វើការកាស៊ីណូអនឡាញ តែត្រូវមេការជនជាតិចិនចាប់បង្ខាំងទុក បង្អត់បាយ ចាប់ដាក់ខ្នោះថតរូបភាពបង្ហោះឲ្យសាច់យកលុយមកលោះ១នាក់ចំនួន១០០០ដុល្លា ទើបដោះលេងវិញ។ 

ក្រោយចុះស្រាវជ្រាវកម្លាំងសមត្ថកិច្ចយើងឃាត់បានជនសង្ស័យ ១-ឈ្មោះ ស៊ីន សៅស៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន ២-ឈ្មោះ កៅ ឈុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ៣-ឈ្មោះ អ៊ីស្លាម អ៊ែលសារុល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិបង់ក្លាដេស និង៤-ឈ្មោះ មៀ ហាប៊ីប ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិបង់ក្លាដេស។

បច្ចប្បន្នជនសង្ស័យទាំង៤នាក់ មានជនជាតិចិន២នាក់ ជនជាតិបង់ក្លាដេស២នាក់ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ