ភ្នំពេញ ៖ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ អតិផរណារំពឹងថា នឹងកើនឡើង៤% ដោយសារកំណើនថ្លៃម្ហូបអាហារ និងប្រេងឥន្ធនៈ បណ្ដាលមកពីឥទ្ធិពលសង្រ្គាម រុស្សី-អ៊ុយក្រែន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ធនាគារជាតិនៃកម្ពុជា។

ក្នុងឱកាសអនុញ្ញាតឲ្យក្រុមបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Alasdair Scott  ប្រធានក្រុមបេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបពិភាក្សាការងារ នៅធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ លោក ស៊ុ សន្និសិទ្ធ បានថ្លែងថា ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរជាលំដាប់ ដោយរាជរដ្ឋាភិបាល បានចាត់វិធានការគ្រប់គ្រងបានទាន់ពេលវេលា ជាពិសេសការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដល់ប្រជាជនបានជាង ៩០% ព្រមទាំងបានដាក់ចេញនូវគោលនយោបាយគាំទ្រនានា ដើម្បីទ្រទ្រង់ជីវភាពប្រជាជនដែលងាយរងគ្រោះ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច។

លោក រៀបរាប់ថា កត្តាទាំងនេះនឹងធ្វើឲ្យកម្ពុជាសម្រេចបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ ដោយនៅឆ្នាំ២០២២នេះ កម្ពុជារំពឹងថា នឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំក្នុងអត្រា ៥,៣% ដែលគាំទ្រដោយកំណើនក្នុងវិស័យ កម្មន្តសាល (៩,៦%)  វិស័យសំណង់ (១,២%) វិស័យកសិកម្ម (១,២%) និងវិស័យទេសចរណ៍ដែលត្រូវបានរំពឹងថានឹងមានកំណើនវិជ្ជមាន (៦%) បន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងខ្លាំងកាលពី២ឆ្នាំមុន។

លោក ទេសាភិបាលរង បញ្ជាក់ថា «អតិផរណារំពឹងថានឹងកើនឡើង ៤% ដោយសារកំណើនថ្លៃនៃ ម្ហូបអាហារ ប្រេងឥន្ធនៈ (ឥទ្ធិពលពីសង្រ្គាមរុស្សី-អ៊ុយក្រែន) និងថ្លៃដឹកជញ្ជូន ស្របពេលដែល មានការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ ដោយឡែក ប្រព័ន្ធធនាគារនៅកម្ពុជា បន្តមានស្ថិរភាព និងរក្សាបាននូវភាពធន់ ព្រមទាំងនៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទានដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច»។

លោក បន្ដថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ឥណទានគ្រឹះស្ថានធនាគារមានកំណើន ២២,១% ដោយបានបែងចែកទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ច។ លើសពីនេះ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួយបច្ចេកទេសរបស់ IMF កន្លងមក និងបានស្នើសុំ IMF បន្តផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពស្ថាប័ននិងមន្ត្រីជំនាញ និងជួយតាមដានលើវឌ្ឍនភាព និងបញ្ហាប្រឈមរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីរួមចំណែកបន្តជំរុញកំណើនប្រកបដោយចីរភាព និងបរិយាបន្ន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ