ព្រះសីហនុ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងថា នៅក្នុងប្រទេសកម្ពុជា មិនមានមូលដ្ឋានទ័ពបរទេសដូចការចោទប្រកាន់ឡើយ ហើយការបង្កើនសមត្ថភាពកងទ័ពរបស់កម្ពុជានាពេលនេះ គឺគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយដល់ប្រទេសនៅក្នុងតំបន់ទេ។

ថ្លែងក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ ខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ សម្តេច ទៀ បាញ់ បានបញ្ជាក់ដូច្នេះថា «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែងដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍសមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ»។

សម្ដេច បន្ដថា កម្ពុជាគ្រាន់តែចង់លើកកម្រិសមត្ថភាពការពារខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និងវិបុលភាព និងមានលទ្ធភាពចូលរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក (កម្ពុជាគ្មានគោលនយោបាយជ្រើសរើសប្រទេសមួយ ដើម្បីប្រឆាំងប្រទេសមួយឡើយ)។

សម្ដេច បន្ថែមថា ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានសារព័ត៌មានបរទេសមួយចំនួន និងបច្ចិមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ពនៅក្នុងប្រទេស។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងរាម។

លើសពីនេះ សម្តេច ទៀ បាញ់ បានបដិសេធជាថ្មីថា កម្ពុជាគ្មានមូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសរបស់ខ្លួន ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ ហើយកម្ពុជាក៏មិនបញ្ជូនកងទ័ពទៅក្រៅប្រទេស ក្រៅពីតាមសំណើអង្គការសហប្រជាជាតិនោះឡើយ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ