ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ដល់កីឡាករ កីឡាការិនី និងអត្តពលិកទាំងអស់ ក្នុងវេទិកា ជួបសំណេះសំណាល មុនចេញទៅប្រកួត ស៊ីហ្គេម នៅប្រទេសវៀតណាម ថាកុំចង់ប្រើប្រាស់ថ្នាំជំនួយកម្លាំង ដែលផ្ទុយពីច្បាប់ ដែលនាំឲ្យអាប់អោន និងខូចកេរ្តិ៍ឈ្មោះដល់អ្នកដទៃ និងកិត្តិយសដល់ជាតិផងដែរ ។

ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា " ជាលើកដំបូង ដែលយើងបញ្ជូនកីឡា ក្នុងកម្រិតទ្រង់ទ្រាយធំ ទៅធ្វើការប្រកួត ដែលនេះក៏ជាការប្រកួតមួយចុងក្រោយ មុនពេលដែលយើងឈានចូលទៅធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ ។ សម្រាប់ការប្រកួតលើកនេះ សង្ឃឹមថា អ្នកដឹកនាំរបស់យើង ក៏ដូចជាកីឡាករ កីឡាការិនីរបស់យើង នឹងធ្វើការដកពិសោធន៍ រៀនសូត្រ នៅទីនោះ ដើម្បីយើងចាត់ចែងធ្វើម្ចាស់ផ្ទះ អោយបានសមស្រប ពិតមែនហើយ យើងបានសិក្សាជាលំដាប់ តៗគ្នារហូតមក ដែលប្រទេសណាចាត់ចែងយ៉ាងមិច ចាត់ចែងយ៉ាងមិច ដល់តែយើងចាត់ចែង ក៏យើងត្រូវធ្វើយ៉ាងមិច អោយបានល្អដូចគេ បើបានល្អលើសគេទៀត ក៏កាន់តែល្អ" ។

ក្នុងនោះសម្តេចតេជោ បានណែនាំទៅកាន់ កីឡាករ កីឡាការិនី និងអត្តពលិកទាំងអស់ មុនចេញទៅប្រកួត  ពិតណាស់ត្រូវតែខិតខំប្រឹងប្រែង ដោយសមត្ថភាពរបស់ខ្លួន ដោយពុំត្រូវប្រព្រឹត្តិខុសវិន័យ ឬបទបញ្ញាតិណាមួយ នៃការប្រកួតនោះឡើយ 

សម្តេចតេជោ មានប្រសាសន៍ថា "ត្រូវជៀសវាងឲ្យបាន នូវការប្រើប្រាស់សារធាតុ អ្វីដែលអាចជាសារធាតុប៉ូវកម្លាំង ដែលត្រូវបានហាមឃាត់ ដោយផ្នែកកីឡា នេះជាចំណុចពិសេស និងភាពថ្លៃថ្នូរ របស់ប្រទេស ។ ក្មួយៗ ជាកីឡាករ កីឡាការិនី ត្រូវដឹងអោយច្បាស់ថា ការទៅប្រកួតនេះ គឺកាន់ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទៅជាមួយ ដូច្នេះក្មួយៗត្រូវតែដឹងថា នៅជាប់នឹងខ្លួនក្មួយ មានតួរអង្គព្រះមហាក្សត្រ មានតួរអង្គ និតិបញ្ញតិ រដ្ឋសភា ព្រឹទ្ធសភា មានតួរអង្គនិតិប្រតិបត្ត ជាពិសេស មានប្រជាជនជិត១៧លាននាក់ ដែលនៅជាមួយនឹងក្មួយៗ កិត្តិយស់ និងសេចក្តីថ្លៃថ្នូរវាសំខាន់ណាស់ សម្រាប់ប្រទេសជាតិរបស់យើង ដូច្នេះ ឲ្យមានអាសារធាតុ គ្រឿងញៀននេះ គ្រឿងលើកកម្លាំងនេះ ត្រូវបានដាច់ខាត ការប្រកួត អាចមានការថ្លោះធ្លោយ ដោយអចេតនា ប៉ុន្តែសម្រាប់ការប្រើប្រាស់សារធាតុញៀន គឺសារធាតុលើកកម្លាំងដែលខុសពីបំរាម គឺជាចេតនាពិតប្រាកដ ដូច្នេះបើមានកំហុសនេះ វាជារឿងអាសោច សម្រាប់មុខមាត់ប្រទេសជាតិរបស់យើង ដែលមិនត្រូវឲ្យមានទេរឿងនេះ កើតឡើងជាដាច់ខាត នៅក្នុងចំណោមកីឡារបស់យើង បើទោះបីជាដាក់ចេញគោលដៅយ៉ាងមិចក៏ដោយ ថាត្រូវយកមេដាយមាសឲ្យបានប៉ុណ្ណេះ មេដាយប្រាក់អោយបានប៉ុណ្ណេះ ដាក់ប៉ុន្មានដាក់ទៅ ប៉ុន្តែបើសិនជាថា មានខូចអាណ្ណឹងមួយហើយ កីឡាប៉ុន្មានទៀត គឺវាត្រូវបាត់បង់មុខមាត់ ប្រទេសជាតិតែម្តង" ។

គួរឲ្យដឹងថា ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម បានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។ ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួត ជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនី សរុប ៧,១១៥នាក់ និងអ្នកស្ម័គ្រចិត្ត បម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំ នៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ