កម្លាំងសមត្ថកិច្ចអាមេរិក FBI ចុះទៅដល់ផ្ទះលោក អ៊ុក ទូច ដើម្បីសាកសួរចម្លើយ ពាក់ព័ន្ធករណីគប់ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ ៖ លោក អ៊ុក ចន្ថា ជាប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង កំពុងរស់នៅទីក្រុងសាន់ហ្វ្រាន់ស៊ីសកូ (San Francisco) រដ្ឋ California បានថ្លែងឲ្យដឹងថា ពាក់ព័ន្ធករណីលោក អ៊ុក ទូច ដែលបានគប់ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានកម្លាំង FBI របស់សហរដ្ឋអាមេរិក ចំនួន៣នាក់ (ប្រុស២ ស្រី១) បានចុះទៅដល់ផ្ទះលោក អ៊ុក ទូច ផ្ទាល់តែម្តង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីសាកសួរចម្លើយដែលលោកបានគប់ស្បែកជើងទៅលើ សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន។
លោក អ៊ុក ចន្ថា បានបញ្ជាក់បន្ថែមតាមទូរស័ព្ទទៀតថា បើយោងតាមសមត្ថកិច្ចអាមេរិក លោក អ៊ុក ទូច អាចនឹងត្រូវបញ្ជូនទៅឡើងតុលាការ នៅរដ្ឋធានីវ៉ាស៊ីនតោន ព្រោះជាទីកន្លែងដែលប្រព្រឹត្តិបទល្មើសគប់ស្បែកជើង។
សូមបញ្ជាក់ថា ករណីគប់ស្បែកជើងលើសម្តេចតេជោ ហ៊ុន សែន បានបង្កឡើងដោយពលរដ្ឋខ្មែរអាមេរិកម្នាក់ ឈ្មោះ អ៊ុក ទូច ក្នុងពេលសម្តេចកំពុងសំណេះសំណាល និងថតរូប ជាមួយអ្នកគាំទ្រ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីយប់ថ្ងៃទី១១ ឧសភា នៅមុនពេលកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក។
ស្បែកជើងនេះមិនបានត្រូវចំសម្តេចនោះទេ ដោយហោះចំនឹងទូរស័ព្ទ របស់អ្នកគាំទ្រម្នាក់។ ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី លោក អ៊ុក ទូច បានបញ្ជាក់ថា លោកមានបំណងគប់ស្បែកជើងលើសម្តេចតាំងពីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយតាមរយៈការបន្លំខ្លួនជាអ្នកគាំទ្រ ប៉ុន្តែទោះជាយ៉ាងនេះក្តី លោកទទួលស្គាល់ថា សម្តេចមានបារមីចាំជួយ ដែលធ្វើឲ្យលោក មិនអាចគប់សម្តេចត្រូវបាន៕