ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា បានប្ដេជ្ញាការពារសន្តិសុខកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ឱ្យបានល្អបំផុត។

ក្នុងដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការត្រៀមការពារសុវត្ថិភាពកិច្ចប្រជុំកំពូលអាស៊ាន នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានរំលឹកថាឆ្នាំ នេះ គឺជាលើកទី៣ ហើយដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្ដូរវេន ហើយដែលកិច្ចប្រជុំលើកនេះក៏មិនខុសពីកិច្ចប្រជុំដែលកម្ពុជាធ្លាប់រៀបចំ និងបណ្ដាប្រទេសសមាជិកអាស៊ានបានរៀបចំជារៀងរាល់ឆ្នាំនោះដែរ គឺមានការអញ្ជើញចូលរួមពីបណ្ដាមេដឹកនាំអាស៊ាន និងបណ្ដាមេដឹកនាំបណ្ដាប្រទេសដៃគូអាស៊ានផ្សេងទៀត។

សម្ដេចក្រឡាហោម បានចាត់ទុកកិច្ចប្រជុំអាស៊ាននេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មីមួយទៀត និងជាការផ្ដល់កិត្តិយសមួយទៀតដែរ សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ដែលក្នុងនោះក៏ទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការធានាសុវត្ថិភាពឱ្យបានល្អប្រសើរបំផុត និងដាច់ខាតសម្រាប់ថ្នាក់ដឹកនាំនានា ពិសេសគឺប្រធានប្រតិភូទាំងអស់ដែលនឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

សម្ដេច ឧបនាយករដ្ឋមន្រ្តី បានបន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន និងតាមរយៈការប្ដេជ្ញាចិត្តអនុវត្តតួនាទី និងភារកិច្ចរបស់ក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្ដេចមានសេចក្ដីសង្ឃឹមជឿជាក់ថាកិច្ចប្រជុំអាស៊ានដែលកម្ពុជាធ្វើជាប្រធាននាឆ្នាំនេះនឹងប្រព្រឹត្តទៅដោយជោគជ័យ។

ពាក់ព័ន្ធនឹងកិច្ចការពារសន្តិសុខបម្រើឱ្យកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខនេះ សម្ដេចក្រឡាហោមស ខេង បានមានប្រសាន៍បញ្ជាក់ទៅកាន់អង្គប្រជុំថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋននគរបាលជាតិ គឺជាប្រធានគណៈកម្មការការពារសន្តិសុខ បានរៀបចំនូវផែនការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធនេះរួចជាស្រេច។

សម្តេចក្រឡាហោម ស ខេង សម្តែងនូវការកោតសរសើរចំពោះប្តេជ្ញាចិត្តរបស់ ក្រុមការងារគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ ដែលបានរៀបចំផែនការយ៉ាងល្អិតល្អន់។ សម្តេចសង្ឃឹមជឿជាក់ថា ក្រុមការងារនឹងមានលទ្ធភាពពេញទី ក្នុងការធានាបាននូវសន្តិសុខ សុវត្ថិភាព១០០%ក្នុងកិច្ចប្រជុំកំពូលអាស៊ានក៏ដូចជាកិច្ចប្រជុះពាក់ព័ន្ធជាមួយគ្នានេះសម្តេចក្រឡាហោមបានជូនពរឱ្យបេសកកម្មនេះទទួលបានជោគជ័យដ៏ឧត្តុងឧត្តម។

សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងរៀបចំនៅកម្ពុជាចាប់ពីខែមករា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២២ ដោយមានកិច្ចប្រជុំសរុបប្រមាណ៥៤ ក្នុងនោះកិច្ចប្រជុំធំៗមាន២ គឺកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០កាលពីខែមេសាក្នុងក្របខ័ណ្ឌសមាជិកអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ រៀបចំក្នុងខែវិច្ឆិកាខាងមុខនេះរវាងប្រទេសសមាជិកអាស៊ានជាមួយបណ្ដាប្រទេសដៃគូ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ