រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់ពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះការចម្លងជំងឺអុតស្វា ក្រោយថៃរកឃើញមួយករណីលើអ្នកដំណើរបទេស
ភ្នំពញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លងជំងឺអុតស្វា (Monkeypox) បន្ទាប់ពីប្រទេសថៃ ប្រកាសរកឃើញអ្នកជំងឺអុតស្វាមួយករណី លើអ្នកដំណើរបរទេស។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ក្រោយពីការផ្ទុះចេញនូវជំងឺអុតស្វាក្នុងពេលថ្មីៗនេះ បណ្ដាប្រទេសចំនួន២៣ នៅលើសាកលលោក ដែលមិនមែនជាប្រទេសអង់ដេមី នៃជំងឺនេះ បានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WOH) អំពីករណីជំងឺអុតស្វា មានចំនួនសរុបករណីឈឺ ២៥៧នាក់ និងករណីសង្ស័យ ១២០នាក់ គិតត្រឹមថ្ងៃទី២៦ ឧសភា និងមិនទាន់មានករណីស្លាប់នៅឡើយ។
លោក បន្ដថា បច្ចុប្បន្ននេះ ក្រៅពីករណីចំនួន ២នាក់ ដែលបានរាយការណ៍ពីបណ្ដាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ក៏មានការរកឃើញករណីឆ្លងជំងឺនេះ លើអ្នកដំណើរម្នាក់ទៀត ដែលបានមកដល់ប្រទេសអូស្ដ្រាលី បើយោងតាមសារព័ត៌មានឌឺសាន់ដេលី (The Sundaily) ចេញផ្សាយនៅថ្ងៃទី៣០ ឧសភា ដោយបុគ្គលនោះបានហោះហើរឆ្លងកាត់តាមព្រលានយន្ដនៃប្រទេសថៃ។
លោក រដ្ឋមន្ដ្រី បញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅព្រះរាជាណាចក្រកម្ពុជាទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមបន្តអនុវត្តវិធានការ ការពារទុកជាមុននូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ហើយក្រសួង ក៏សូមធ្វើការក្រើន រំលឹកជូនដល់ប្រជាជនទូទៅ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយបុគ្គល គ្រួសារ និងសហគមន៍ ត្រូវ បន្តយកចិត្តទុកដាក់អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ»៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាល ហាមលក់ឱសថ