ភ្នំពេញ៖ សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹ​ងការចុះ​ផ្សាយថា​ “ មានជនស៊ីវិល ដឹកអ្នកបើកបរល្មើសច្បាប់ទៅដាក់បញ្ចាំទូរសព្ទ ដើម្បីយកលុ​យម​ក​បង់ថ្លៃផាកពិន័យ “ ក្រោយពីជួបទល់មុខគ្នារវាងមន្ត្រីទាំងអស់នៅគោលដៅកួចកាណុង និងបុរសអ្ន​កបើ​កម៉ូ​តូកង់៣ បាន​បញ្ជាក់យ៉ាងច្បាស់ថា ជនស៊ីវិលដែលដឹកគាត់ទៅបញ្ចាំទូរសព្ទ ហើយយកលុយពីគាត់ មិនមែនជា​សម​ត្ថកិច្ចនៅគោលដៅនោះឡើយ ជាជនស៊ីវិលឆ្លៀតឱកាស ។

 

បន្ទាប់ពីបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទាក់ទងទៅនឹងករណី ដែលកើតឡើងកាលពីថ្ងៃទី២០ ខែ​កញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១០:៣០នាទីព្រឹក មានអ្នកបើកបរម៉ូតូកង់បីដឹកទំនិញម្នាក់ បាន​បើ​កបរទិសដៅពីវត្តភ្នំ គោលដៅឆ្លងស្ពានជ្រោយចង្វារ លុះមកដល់គោលដៅរង្វង់មូលកួចកាណុង ក៏​ស្រាប់តែមានមន្រ្តីនគរបាលចរាចរណ៍ ឃាត់ធ្វើការផាកពិន័យករណីមិនកិបគន្លឹះមួកសុវត្ថិភាព ពេល​នោះមន្ត្រីអនុវត្តច្បាប់ បានបញ្ជាក់ថាតាមច្បាប់លើករណីល្មើសនេះត្រូវផាកពិន័យ ៦០,០០០រៀល ពេល​នោះគាត់ក៏បាននិយាយថា គាត់គ្មានប្រាក់ដើម្បីបង់ពិន័យនោះទេ រួចមកគាត់ក៏ទូរស​ព្ទទៅ​និយា​យ​ជាមួយថៅកែរបស់គាត់ បន្ទាប់មកគាត់ក៏ហុចទូរសព្ទជូនមន្រ្តីដើម្បីនិយាយគ្នាជាមួយថៅកែរបស់គាត់ គោ​លបំណងស្នើសុំមន្រ្តីនគរបាលចរាចរណ៍ កុំផាកពិន័យ ត្រឹមតែអប់រំទៅបានហើយ។

 

ភ្លាមនោះមន្រ្តីរបស់យើងក៏បានប្រគល់ទូរសព្ទជូនគាត់វិញ ព្រមទាំងអនុញ្ញាតឲ្យរូបគាត់ទៅដោយ​មិន​បាន​ផាកពិន័យ ឆ្លៀតពេលនោះមានជនឱកាសនិយម ស្លៀកពាក់ស៊ីវិលឆ្លៀតឱកាស ហៅបុ​រស​នោះ​ចេញមកក្រៅ ដោយប្រាប់ថាបើអត់លុយ គាត់អាចនាំទៅកន្លែងបញ្ចាំ ដើម្បីបង់ថ្លៃល្មើសចរាចរណ៍ ដោយមិនចាប់អារម្មណ៍ ហើយប្រញាប់ផង ក៏ជឿមិនបានគិត ហើយក៏បានផ្ត​ល់លុយនោះទៅ​ឲ្យជន​ស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ចអនុវត្តច្បាប់ ។

 បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការស្រាវជ្រាវ និងបា​នអ​ញ្ជើញប្រធានគោលដៅ មន្រ្តីទាំងអស់នៅគោលដៅកួចកាណុង និងអ្នកបើកបរម​កបំភ្លឺ​នៅការិយា​ល័​យនគរបាលចរាចរណ៍ផ្លូវគោក ព្រមទាំងបានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធចុះទៅសួរនាំ និងឆែកកាមេរា សុ​វត្ថិ​ភាពនៅហាងបញ្ចាំយីហោ ៥៨៥ ទទួលបានលទ្ធផលបញ្ជាក់របស់ម្ចាស់ហាងបញ្ចាំថា៖នៅ​វេលា​ម៉ោង​ប្រហែលជិត ១១:០០ នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនស៊ីវិល ចំនួន ០២នាក់ បានជិះ​ម៉ូតូ​ម៉ាក PCX មិនចាំផ្លាកលេខ យកទូរសព្ទមកដាក់បញ្ចាំនៅហាងរបស់គាត់ពិតប្រាកដមែន ប៉ុន្តែ​គាត់​បានបដិសេធថា ជនទាំង ០២នាក់ខាងលើ គឺមិនមែនជាមន្រ្តីនគរបាលចរាចរណ៍នោះទេ ។

 ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងស្រាវជ្រាវរកមុខជនខិលខូចខាងលើ ដែលមិ​នមែនជាស​​​មត្ថកិច្ច ដើម្បីយកមកសួរនាំបញ្ជាក់ឲ្យបានច្បាស់ថា តើមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីនគរបាល ចរាចរណ៍ណាម្នាក់នៅគោលដៅខាងលើដែរឬអត់? ដើម្បីរកការពិត និងផ្តន្ទាទោសតាមច្បាប់ ។

 

ជាមួយនោះដែរ ក្នុងនាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់មន្ត្រីទាំ​ងអស់ត្រូ​វប្រើ​ប្រាស់កាយវិការ និងពាក្យសំដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ទោះជាកំពុងរវល់ ឬហត់​នឿយក្នុ​ងកា​របំពេញតួនាទីភារកិច្ចយ៉ាងណាក៏ដោយ ។ ម្យ៉ាងវិញទៀត ត្រូវអនុវត្តការងារប្រកបដោយសីលធម៌ និងណែនាំអប់រំបន្ថែមអំពីច្បាប់ចរាចរណ៍ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ