ភ្នំពេញ ៖ ក្នុងមហាសន្និបាត នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោក ដើម្បីសន្ដិភាព នៃសម័យកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ស្ដីពី «សន្ដិភាពនៅឧបទ្វីបកូរ៉េ» នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់នូវអារម្មណ៍ឈឺចាប់នៃសង្គ្រាម នៅពេលដែលបានឆ្លងកាត់ សង្គ្រាមស៊ីវិលរយៈពេលជិត ៣ ទសវត្សរ៍ ដែលបានកើតឡើងភាគច្រើនបណ្តាលមកពីការលូកដៃពីបរទេស។

សម្ដេច គូសបញ្ជាក់ ថា «យើងក៏ជាជនរងគ្រោះ នៃសង្គ្រាមត្រជាក់ និងនយោបាយមហាអំណាចផងដែរ»។

សម្ដេចតេជោ មានប្រសាសន៍ថា «ដោយផ្អែកលើបទពិសោធន៍ និងមេរៀនដែលបានដោយលំបាករបស់យើង ក្នុងការកសាងសន្តិភាព និងការបង្រួបបង្រួមជាតិ ខ្ញុំសូមស្នើគំនិតផ្តួចផ្តើម រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ សម្រាប់ការពិចារណារបស់អ្នក ដែលប្រហែលជាមិនមែនជាទស្សនទានថ្មី ទាំងស្រុងនោះទេ តែផ្អែកលើចក្ខុវិស័យ និងបេសកកម្មនៃសហព័ន្ធសន្តិភាពសកល»។

សម្ដេចតេជោ បន្ដថា «ហេតុអ្វីរដ្ឋពីរ? ប្រព័ន្ធនយោបាយ និងប្រព័ន្ធគ្រប់គ្រងនៅក្នុងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង គឺខុសគ្នាទាំងស្រុង។ ការរួមបញ្ចូលប្រព័ន្ធនយោបាយទាំងពីរនាពេលអនាគតដ៏ខ្លីខាងមុខមិនអាចទៅរួច ទេ។ ដូច្នេះ យើងត្រូវទទួលយកការពិតដែលប្រព័ន្ធនយោបាយទាំងពីរនឹងត្រូវបន្តរួមរស់ជាមួយគ្នា ។ យើងត្រូវលើកទឹកចិត្ត និងលើកកម្ពស់ដល់ការរួមរស់នៅជាមួយគ្នាដោយសន្តិភាពរវាងរបបនយោបាយទាំងពីរ»។

សម្ដេចតេជោ បន្ថែមថា ហេតុអ្វីជាតិតែមួយ? កូរ៉េអាចត្រូវបានបែងចែកដោយទឹកដី តែមិនមែនប្រជាជន ។ កូរ៉េមានឈាមជ័រខ្សែស្រឡាយតែមួយ។ សុភាសិតខ្មែរមួយបានពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ។ ប្រជាជន គឺប្រៀបបានដូចជាទឹកដែលមិនអាចកាត់ផ្ដាច់បាន ។ ទន្ទឹមនេះដែរវប្បធម៌ គឺជាប្រភពដ៏សំខាន់សម្រាប់ សន្តិភាព និងការបង្រួបបង្រួមជាតិ ។ បំណងប្រាថ្នារបស់កូរ៉េសម្រាប់ការបង្រួបបង្រួម គឺផ្អែកលើប្រវត្តិសាស្ត្រ នៃការឯកភាពដ៏យូរលង និងប្រកបដោយមោទនៈ ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវប្រទេសកូរ៉េអភិវឌ្ឍទៅជា ប្រទេសជាតិមួយដែលមានវប្បធម៌ និងជាតិសាសន៍តែមួយ ដែលផ្សារភ្ជាប់នូវស្មារតីនៃអត្តសញ្ញាណ និង ឯកភាពជាតិដ៏ជ្រាលជ្រៅ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ