ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអាជ្ញាធរខេត្តរតនគិរី ត្រូវប្រយុទ្ធប្រឆាំងបទល្មើស រត់ពន្ធមនុស្ស និងគ្រឿងញៀន ជាដើម។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តរតនគិរីថ្មី នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ សម្ដេច ស ខេង បានថ្លែងថា បញ្ហាគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ព្រំដែន គឺជាកិច្ចជាប់ជាប្រចាំរបស់ខេត្តរតនគិរី ព្រោះជាប់ព្រំទល់ វៀតណាម និងឡាវ។ សម្ដេច ក៏បានសំណូមពរឲ្យខេត្ត ត្រូវមានទំនាក់ទំនងជាមួយប្រទេសជិតខាង ដើម្បីការពារបូរណភាពទឹកដី និងសន្ដិភាព

សម្ដេច បានបញ្ជាក់ថា «ត្រូវអភិវឌ្ឍន៍ព្រំដែនដោយសន្ដិភាព ដូចជា ៖ អភិវឌ្ឍន៍ សេដ្ឋកិច្ច-សង្គម ជាដើម ដើម្បីផលប្រយោជន៍ប្រទេសទាំងសង់ខាង ដូចជា ៖ កម្ពុជា-វៀតណាម-ឡាវ។ ជាពិសេស អាជ្ញាធរខេត្តរតនគិរី ក៏ត្រូវប្រឆាំងបទល្មើសផ្សេងៗទៀត ដូចជា ៖ រត់ពន្ធមនុស្ស គ្រឿងញៀន ជាដើម ដោយសហការជាមួយប្រទេសជិតខាង»។ 

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត ទាំងអស់ត្រូវបម្រើប្រជាពលរដ្ឋឲ្យបានល្អបំផុតក្នុងការប្រកបរបរអាជីវកម្មរបស់ពួកគាត់ ដោយធានាឲ្យមាននូវសេចក្តីសុខ និងគ្មានការភ័យខ្លាច ព្រមទាំង ដោះស្រាយបញ្ហាជូនពួកគាត់ភ្លាមៗ បើសិនជួបបញ្ហាអ្វីមួយ។

សម្ដេច បានបញ្ជាក់ថា «ការថែរក្សា និងការពង្រឹងសន្ដិភាព និងស្ថេរភាពនយោបាយ គឺបម្រើការបោះឆ្នោត ហើយបម្រើជីវិភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសង្គមកម្ពុជាយើង។ ចឹងទេ បញ្ហានេះ យើងមិនអាចបន្ធូរដៃ ហើយគេហៅថា សន្ដិភាពនិយម ស្ពឹកស្រពន់ មិនទទួលខុសត្រូវ ឬមិនដោះស្រាយទេ។ ចាំបាច់ត្រូវធ្វើយ៉ាងម៉េច? ដើម្បីប្រជាពលរដ្ឋ ឱ្យពួកគាត់រស់នៅប្រកបអាជីវកម្ម ដោយគ្មានការភ័យខ្លាច»។

សម្ដេច បានបន្ថែមថា អាជ្ញាធរទាំងអស់ ត្រូវពង្រឹងបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រោះជាកិច្ចការយ៉ាងសំខាន់ចំពោះការអនុវត្តគោនយោបាយ ភូមិ-ឃុំ មានសុត្ថិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ