ភ្នំពេញ ៖ រយៈពេល ៨ខែ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រាប់ថវិការជាតិ ប្រមាណជា ១ ៩០៩,២៧លានដុល្លារ ស្មើនឹង៨៥% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ ថយចុះ៨%។
យោងតាមប្រកាសព័ត៌មានស្ដីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា ឆ្នាំ២០២១ ព្រមទាំង ទិសដៅសម្រាប់អនុវត្តបន្ដ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ក្នុងខែសីហា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធ) ប្រមាណជា ១៩២,៣០លានដុល្លារអាមេរិក ស្មើនឹង៨,៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
លោកបានបញ្ជាក់ថា «សរុបរយៈពេល៨ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ បាន(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធ) មានចំនួន៧ ៧៣២ប៊ីលានរៀល ប្រមាណជា១ ៩០៩,២៧លានដុល្លារអាមេរិក ស្មើនឹង៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថា ថយចំនួន៦១២,២៦ប៊ីលានរៀល ប្រមាណជា១៥១,៣០លានដុល្លារអាមេរិក ស្មើនឹង-៧,៣៤%»៕EB