ភ្នំពេញ ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចូលរួមពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលនឹងត្រូវប្រើប្រាស់ជាប័ណ្ណសម្គាល់ខ្លួនផង ជាប័ណ្ណអេធីអឹមសម្រាប់ដកប្រាក់បៀវត្សពីធនាគារផង ហើយនឹងអាចប្រើប្រាស់ជាមធ្យោបាយចាំបាច់ផ្សេងទៀត។

បន្ទាប់ពីការធ្វើរបាយការណ៍លទ្ធផលនៃការរៀបចំអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការប្រភេទថ្មីដោយលោក យឿន សម្បត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានផែនការ ស្ថិតិ និងគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យានៃក្រសួងមុខងារសាធារណៈ និងមតិចាប់អារម្មណ៍របស់តំណាងធនាគារដៃគូទាំងបីរួចមក លោករដ្ឋមន្រ្តី ព្រុំ សុខា បានថ្លែងមតិកោតសរសើរ វាយតម្លៃខ្ពស់ និងអរគុណចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងមុខងារសាធារណៈ និងកិច្ចសហការគាំទ្រពីក្រសួង-ស្ថាប័នទាំងអស់ ក៏ដូចជារដ្ឋបាលនៅថ្នាក់ក្រោមជាតិ និងធនាគារដៃគូទាំងបី ក្នុងការរៀបចំបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី (ស្មាតកាត)។ 

លោករដ្ឋមន្រ្តី ព្រុំ សុខា បានគូសបញ្ជាក់បន្ថែមថា ក្រៅពីការបោះពុម្ពអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនេះ ក្រសួងមុខងារសាធារណៈនឹងដាក់ដំណើរឱ្យប្រើប្រាស់កម្មវិធីព័ត៌មានមន្ត្រីរាជការលើទូរស័ព្ទដៃ (Mobile App) ដែលអនុញ្ញាតឱ្យមន្ត្រីរាជការអាចពិនិត្យព័ត៌មានផ្ទាល់ខ្លួន និងកែតម្រូវព័ត៌មានផ្ទាល់ខ្លួនមួយចំនួនដោយខ្លួនឯងបានផងដែរ ជាមួយគ្នានោះក្រសួងនឹងបន្តសហការជាមួយដៃគូ និងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់កិច្ចការគាំពារមន្រ្តីរាជការ (សំណាញ់សុវត្តិភាព) ដើម្បីបម្រើជាប្រយោជន៍ជូនមន្រ្តីរាជការ ក្នុងបុព្វហេតុសុខសន្តិភាព វឌ្ឍនភាព វិបុលភាពយូរអង្វែងរបស់សង្គមជាតិ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ