ភ្នំពេញ ៖ ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World's Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេតថា ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុត នៅលើពិភពលោក។
កាលពីពេលកន្លងទៅ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួសរាយរាក់ទាក់ ជាងគេបំផុតលើពិភពលោក។
នៅក្នុងលទ្ធផលស្តង់មតិនេះ Rough Guides បានលើកឡើងថា «រហូតមកដល់ពេលនេះប្រទេសកម្ពុជា គឺបានស្ថិតក្នុងកំពូលតារាង នៅក្នុងការស្ទង់មតិរបស់យើង ដែលជាជម្រើសដ៏មានប្រជាប្រិយក្នុងចំណោមបុគ្គលិក និងអ្នកតាមដាន Rough Guides នៅលើ Twitter ដូចគ្នា»។
អ្នកចូលរួមផ្តល់មតិយោបល់ម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា «ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមនៅលើមុខ»។
សូមរំលឹកថា ប្រទេសដែលឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេសហ្វីលីពីន ដែលស្ថិតក្នុងលេខរៀងទី ២ និងតាមពីក្រោយដោយប្រទេសឡាវ ដែលទទួលបានចំណាត់លេខ ៣ និងប្រទេសណេប៉ាល់ ជាប់ចំណាត់លេខ ៤។ ចំណែកថៃដែលល្បីល្បាញខាងទេសចរណ៍ ឈរនៅលេខរៀងទី ៥ ខណៈដែលប្រទេសសមាជិកអាស៊ាន ២ ទៀតគឺ មីយ៉ាន់ម៉ា ជាប់ចំណាត់ថ្នាក់ ៦ និងឥណ្ឌូនេស៊ី ជាប់ចំណាត់លេខ ៧។ រីឯប្រទេសដែលទទួលបានចំណាត់ទី ៨ គឺប្រទេសហ្វីជី ក្នុងពេលដែលប្រទេសស្កុតលែន ជាប់ចំណាប់ថ្នាក់ទី ៩ និងចុងក្រោយ គឺប្រទេសស្រីលង្កា ទទួលបានចំណាត់ថ្នាក់ទី ១០៕