សម្ដេចក្រឡាហោម ស ខេង ណែនាំភាគីពាក់ព័ន្ធ ត្រូវលើកទឹកចិត្ត មេឃុំ-ស្មៀន-មេប៉ុស្តិ៍-មេភូមិ ឱ្យបម្រើការងារជូនប្រជាពលរដ្ឋបានល្អ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវលើកទឹកចិត្ត មេឃុំ-ស្មៀន-មេប៉ុស្តិ៍-មេភូមិ ឱ្យបម្រើការងារជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ព្រមទាំង មានប្រសិទ្ធិភាពខ្ពស់។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «សូមឱ្យយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់មន្ដ្រីនៅថ្នាក់ក្រោមមាន៤ប្រភេទ រួមមាន ៖ មេឃុំ-ចៅសង្កាត់, ស្មៀនឃុំ-ស្មៀនសង្កាត់, មេប៉ូលីស និងមេភូមិ តាមការសិក្សា និងបទពិសោធន៍ សំឡេងឆ្នោត ជោគជ័យ ឬមិនជោគជ័យ ពឹងអាស្រ័យទៅលើអ្នកទាំង៥ហ្នឹង»។
ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា ហ្វេសប៊ុករបស់សម្ដេចផ្ទាល់ទទួលសំណើរ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដោយទទួលបានលទ្ធផលល្អ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ ដែលរហូតមកដល់ពេលនេះ ក្រុមការងារដោះស្រាយបានជាង១ពាន់ករណី ព្រមទាំងបន្ដដោះស្រាយជាបន្ដបន្ទាប់ ផងដែរ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា ប្រជាពលរដ្ឋមានសំណូមពរអ្វីមួយ ពិត ឬមិនពិត ក្នុងឋានៈជាអាជ្ញាធរ និងមន្ដ្រី ដែលធ្វើការជូនជាតិ ជូនប្រជាពលរដ្ឋ ត្រូវប្រឡូកបញ្ហាទាំងអស់នោះ ដើម្បីយកមកដោះស្រាយជូនប្រជាពលរដ្ឋ ដោយមានប្រសិទ្ធិភាពខ្ពស់។
សម្ដេចក្រឡាហោម បានបន្ថែមថា បើសិនដោះស្រាយនៅមូលដ្ឋានមិនបានទេ ក៏បើឱកាសឱ្យប្រជាពលរដ្ឋបន្ដប្ដឹង ក្នុងគេទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រោះថា សម្ដេចតេជោ ក៏បានខិតខំដោះស្រាយតាមការជាក់ស្ដែងផងដែរ។ ដូច្នេះ ត្រូវទទួលយកសំណូមពរនានា របស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីស្រាយឱ្យមានប្រសិទ្ធិភាព៕