ភ្នំពេញ ៖ បន្ទាប់ពីទទួលយោបល់ពីកិច្ចប្រជុំអន្តរក្រសួងហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈនានានៅទូទាំងប្រទេស ប៉ុន្តែតម្រូវឱ្យពលរដ្ឋបន្តពាក់ម៉ាស់នៅកន្លែងដែលការបិទជិតមានម៉ាស៊ីនត្រជាក់ជាដើម។ 

តាមរយៈសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា «ទី១៖ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេសនៅតាមកន្លែងសាធារណៈ និងទីកន្លែងចំហរនានា ក្រៅតែពីកន្លែងបិទជិត ដោយទុកឱ្យប្រជាជនជាអ្នកធ្វើការសម្រេចចិត្តខ្លួនឯងថា ពាក់ម៉ាស់ ឬមិនពាក់ម៉ាស់»។

ការលើកលែងកាតព្វកិច្ចនេះ បានធ្វើឡើងចាប់ពីពេលដែលពលរដ្ឋទទួលសារសំឡេងនេះតទៅ ដោយ សម្តេចតេជោ បានពន្យល់ថា អត្ថន័យកន្លែងដែលមានការបិទជិត គឺសំដៅបន្ទប់ប្រជុំដែលមានម៉ាស៊ីនត្រជាក់ ឬរោងភាពយន្តដែលមានមនុស្សនៅទីនោះហើយបិទជិតប្រើម៉ាស៊ីនត្រជាក់ ប៉ុន្តែករណីលំហរ តាមផ្លូវសាធារណៈ តាមសួនច្បារ និងកន្លែងផ្សេងៗ ដែលមិនមានការបិទជិត ពលរដ្ឋអាចសម្រេចចិត្តខ្លួនឯងថាពាក់ម៉ាស់ ឬមិនពាក់ម៉ាស់។

ការដកចេញនូវវិធានការពាក់ម៉ាស់ទៅតាមទីសាធារណៈនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល សង្កេតឃើញថា អត្រាឆ្លងជំងឺកូវីដ១៩ ក្នុងអត្រាទាបបំផុត ទោះបីជាកម្ពុជាបានអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ដោយមានប្រជាពលរដ្ឋជាច្រើនលេងកម្សាន្ត ដោយមិនមានការពាក់ម៉ាស់ ឬរក្សាគម្លាតក៏ដោយ។

សម្តេចតេជោ បានបញ្ជាក់ថា ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់ នៅកន្លែងដែលមានការសង្ស័យ ឬកន្លែងដែលមានមនុស្សច្រើន។ កន្លែងដែលធ្លាប់បានអនុវត្តតាមស្តង់ដាររបស់ក្រសួង ដូចជាភោជនីយដ្ឋានជាដើម ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួង។ សម្តេចតេជោ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបានរំដោះខ្លួនចេញពីការលំបាកដោយការចំណាយក្នុងការទិញម៉ាស់ ដែលជំនួសនូវការចាក់វ៉ាក់សាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ