សម្ដេចក្រឡាហោម ស ខេង ៖ គុណតម្លៃសុខសន្ដិភាព ធ្វើឲ្យពលរដ្ឋរស់នៅដោយសេចក្ដីសុខ គ្មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានថ្លែងថា គុណតម្លៃសុខសន្តិភាព ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិមានការរីកចំរើនជាលំដាប់ ពិសេសធ្វើឲ្យពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នា ក្នុងសមរភូមិដូចអតីតកាល។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេងចំនួន១ពាន់នាក់ និងក្រុមការងារគ្រីស្ទបរិស័ទដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង នាថ្ងៃទី៣០ ឧសភា សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីគុណតម្លៃសុខសន្តិភាពដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិមានការរីកចំរើនជាលំដាប់ ពិសេសធ្វើឱ្យពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាក្នុងសមរភូមិដូចអតីតកាលដែលបានធ្វើឱ្យប្រជាជនធ្លាក់ក្នុងភ្លើងសង្គ្រាម ស្លាប់ របួស ពិការភាព បែកបាក់គ្រួសារ និងប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញ់គ្រប់វិស័យ។ សម្ដេចបានសង្កត់ធ្ងន់ថាគណបក្សប្រជាជនកម្ពុជាបានជួយសង្គ្រោះប្រជាជន ស្ដារ និងដឹកនាំប្រទេសជាតិតាំងពីសំណុចសូន្យរហូតរីកចំរើនដូចសព្វថ្ងៃ។
សម្ដេច បានបន្តថា គណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថាខ្លួនមានប្រវត្តិឡើងកាន់អំណាចដោយសង្គ្រាម ប៉ុន្តែវាជាសង្គ្រាមដែលធ្វើឡើងដោយសារគ្មានជម្រើស ដ្បិតត្រូវប្រឈមមុខនឹងរបបឃោរឃៅខ្មែរក្រហម ប៉ុន្តែថ្នាក់ដឹកនាំគណបក្សបានធ្វើកំណែទម្រង់ដោយផ្ដល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រហូតចរចាបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឈានទៅរៀបចំការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣ រហូតមានការបោះឆ្នោតជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតអសកលមួយចំនួនទៀត។
ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់នេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាន៍ថា«ប្រជាពលរដ្ឋលោកមានសិទ្ធិដើម្បីបោះឆ្នោតតែងតាំងអ្នកដឹកនាំនៅមូលដ្ឋាននេះដោយផ្ទាល់។ ដូច្នេះវាជួយពង្រឹងស្ថិរភាព ហើយក៏ដូចជាជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនេះឱ្យកាន់តែរឹងមាំផងដែរ បើទោះមានមតិខ្វែងគ្នាក្នុងកិច្ចការមូលដ្ឋានរបស់យើង តែយើងមានស្មារតីសាមគ្គីភាពជាមួយគ្នា ក្នុងឋានៈយើងជាខ្មែរដូចគ្នា។ យើងក៏បានកែទម្រង់រដ្ឋបាលឃុំ សង្កាត់ពីរដ្ឋវាលគ្មានអំណាចឱ្យមានអំណាច ពីគ្មានធនធានឱ្យមានធនធាន ហើយប្រជាពលរដ្ឋក៏ទទួលស្គាល់ការងារនេះ សហគមន៍អន្តរជាតិក៏បានទទួលស្គាល់កំណែទម្រង់នេះដែរ»។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តគូសបញ្ជាក់អំពីឆន្ទៈរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ ដោយសម្ដេចបានគូសបញ្ជាក់អំពីការបន្តប្ដេជ្ញាចិត្តធ្វើវិមជ្ឈការ វិសហមជ្ឈការ ពិសេសការផ្ទេរតួនាទី និងការទទួលខុសត្រូវ រួមមានមុខងារ សិទ្ធិអំណាច ធនធានលើវិស័យមួយចំនួនពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។ សម្ដេចក៏បានលើកឡើងពីលំហរប្រជាធិបតេយ្យ វត្តមានបណ្ដាគណបក្សនយោបាយ និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ៕