សម្ដេចក្រឡាហោម ស ខេង ៖ ទោះបីកម្ពុជាទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែននោះ ក៏កម្ពុជាបន្តរក្សានូវស្ថិរភាពនយោបាយ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ទោះបីកម្ពុជាទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ក៏កម្ពុជាបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន ១ខ្នង ចំនួន ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោមរដ្ឋដែលរក្សាបាននូវសុខសន្តិភាព និងគ្មានអំពើភេវរកម្ម។
យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម បន្តថា រាជរដ្ឋាភិបាលដែលមានក្រសួងមហាផ្ទៃជាសេនាធិការ កំពុងយកចិត្តទុកដាក់លើការងារបង្ក្រាបគ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសង និងបទល្មើសឧក្រឹដ្ឋកម្មអន្តរជាតិ ដូចជាអំពើជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម បទល្មើសលាងសម្អាតប្រាក់ និងបទល្មើសតាមប្រព័ន្ធអ៊ីនធើណែតជាដើម។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «កម្ពុជាសព្វថ្ងៃ បើទោះបីកម្ពុជាក៏ទទួលរងឥទ្ធិពលជាអវិជ្ជមានដោយសារសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន បន្ថែមលើបន្ទុកបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ប៉ុន្តែកម្ពុជាបានបន្តរក្សានូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច»។
សម្ដេចក្រឡាហោម បន្ថែមថា ស្ថានភាពនេះ ក៏អាស្រ័យដោយកម្ពុជាបានរៀបចំការបោះឆ្នោតជាទៀងទាត់ដោយគ្មានអំពើហិង្សា ពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កាលពីពេលថ្មីនេះ និងបានអនុវត្តជោគជ័យនយោបាយចាក់វ៉ាក់សាំងដែលបង្កើតបានភាពស៊ាំសហគមន៍ ធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងសង្គមអាចដំណើរការឡើងវិញ៕