ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បានចុះហត្ថលេខាលើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វរបស់កម្ពុជា តាមរយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុន DH-TMH នៅខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ធនាគារអភិវឌ្ឍន៍អាស៊ី។

ការពង្រីកទំហំឃ្លាំង និងលទ្ធកម្មនៃម៉ាស៊ីនកែច្នៃបន្ថែម នឹងជំរុញការផលិតចំណីប្រកបដោយប្រសិទ្ធផល។ គម្រោងនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាចទិញវត្ថុធាតុដើម បានកាន់តែច្រើនពីម្ចាស់កសិដ្ឋាន ខ្នាតតូចក្នុងស្រុក នៃដំណាំ ពោត ស្រូវ ដំឡូងមី ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន តាមរយៈការបង្កលក្ខណៈ ដល់ការផ្គត់ផ្គង់ផលិតចំណីប្រកបដោយគុណភាពសម្រាប់កសិករចិញ្ចឹមបសុសត្វ និង ត្រី។ ជាមួយការវិនិយោគនានាលើឃ្លាំងផ្ទុក ផលិតផលពោតគម្រោងនេះ ក៏គាំទ្រដល់ការដំឡើងម៉ាស៊ីនសម្ងួតអាចរក្សាទុក បានកាន់តែយូរ និងកាត់បន្ថយហានិភ័យដែលបណ្តាលមកពីអាកាសធាតុ។

លោកស្រី Jyotsana Varma នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានថ្លែងថា «តាមរយៈការគាំទ្រដល់ DH-TMH យើងកំពុងជួយពង្រឹងខ្សែសង្វាក់តម្លៃចំណី ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ របស់កសិករដំណាំចំណី បសុសត្វ និង ត្រី ហើយគាំទ្រសកម្មភាពកសិកម្ម ដែលមាន និរន្តរភាព និង ភាពធន់។ ការអភិវឌ្ឍការផ្គត់ផ្គង់ចំណីសត្វដែលមានប្រភពក្នុងស្រុក គុណភាពខ្ពស់ និង តម្លៃ សមរម្យ គឺជាកត្តាសំខាន់ក្នុងការការពារសន្តិសុខស្បៀងរបស់កម្ពុជា និង កាត់បន្ថយការពឹង ផ្អែកលើ ការនាំចូលចំណីសត្វ»។

លោក Gabor Fluit នាយកប្រតិបត្តិ De Heus នៅអាស៊ី បានថ្លែងថា «De Heus TMH ប្តេជ្ញាផ្តល់អំណាចដល់កសិករឯករាជ្យនៅកម្ពុជា។ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រជាមួយ ADB រួមជាមួយនឹងការផ្តោតការយកចិត្តទុកដាក់របស់យើងលើការបណ្តុះបណ្តាល និង ការចែករំលែក ចំណេះដឹងជាមួយនឹងបាវចនា 'ចំណេះដឹងសកល-ផលជះក្នុងតំបន់' នឹងគាំទ្រ និង ពន្លឿនការអភិវឌ្ឍ ប្រកបដោយចីរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ប្រូតេអ៊ីនសម្រាប់សត្វនៅកម្ពុជា»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ