ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រូបង្រៀនគឺជាតួអង្គដ៏សំខាន់ និងជាបេះដូងនៃប្រព័ន្ធអប់រំ ព្រមទាំងជាចលករដ៏សំខាន់ក្នុងការបង្ហាត់បង្រៀន និងតម្រង់ទិសសិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង សីលធម៌ ឥរិយាបថ និងកាយសម្បទារឹងមាំ ក្លាយជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសឱ្យសម្បូររុងរឿង។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥តុលា ដែលប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនធ្វើឡើងក្រោមប្រធានបទ «គ្រូបង្រៀនរក្សាបានតួនាទីសំខាន់ក្នុងការអប់រំគ្រប់កាលៈទេសៈ» លោករដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា បានគូសបង្ហាញជាច្រើននូវគុណតម្លៃរបស់គ្រូបង្រៀននៅក្នុងសង្គមជាតិ។
លោករដ្ឋមន្ត្រី បានលើកឡើងថា គ្រូបង្រៀនតែងតែផ្សារភ្ជាប់ និងមានទំនាក់ទំនងដ៏សំខាន់ជាមួយការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រាប់ទាំងពីសម័យបុរាណកាល, សម័យសង្គមរាស្ត្រនិយម, សម័យស្តារឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍, ការអភិវឌ្ឍគោលដៅសហសវត្សរ៍ និង ថ្មីៗនេះ ការអភិវឌ្ឍប្រកបដោយចីរភាព២០៣០។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គ្រូបង្រៀនតែងតែអនុវត្តនូវបេសកកម្មរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្លួន ប្រកបដោយវិជ្ជាជីវៈ និងបណ្ដុះបាននូវធនធានមនុស្សជំនាន់ក្រោយប្រកបដោយគុណភាព ជាបន្តបន្ទាប់ ដែលធនធានមនុស្សទាំងនោះ បាននិងកំពុងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសម្រេចបាននូវចក្ខុវិស័យនៅឆ្នាំ២០៣០ និង២០៥០»៕