ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ទៅលើការបរិភោគចំណីអាហាររបស់ខ្លួន ចៀសវាងប្រើប្រាស់ម្ហូបអាហារណាហួសសុពលភាព ឬក៏អាហារទុកយូរ អាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាព។

តាមរយៈសារសំឡេង ដើម្បីចូលរួមអបអរសាទរ «ទិវាពិភពលោកសុវត្ថិភាពចំណីអាហារ» ក្រោមប្រធានបទ «ចំណីអាហារមានសុវត្ថិភាព  សុខភាពកាន់តែល្អប្រសើរឡើង» នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ការរស់នៅរបស់បុគ្គលគ្រប់ៗរូប គឺពឹងផ្អែកទៅលើការបរិភោគម្ហូបអាហារដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់ ក៏ដូចជាការថែបំប៉នសុខភាព សុវត្ថិភាពចំណីអាហារគឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់រក្សាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋទូទៅ។

លោកស្រី បន្ដថា ចំពោះការបរិភោគចំណីអាហារដោយមិនបានអនុវត្តត្រឹមត្រូវនូវគោលការណ៍អនាម័យ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាពចំណីនេះ ជាការពិតណាស់វានឹងផ្តល់នូវផលប៉ះពាល់ធំមកដល់សុខភាព គ្រប់គ្នានឹងអាចឈានទៅរកការបាត់បង់ជីវិត ផងដែរ។ លោកស្រី ថា   ការរក្សាបាននូវចំណីអាហារសម្រាប់បរិភោគប្រចាំថ្ងៃឲ្យបានគ្រប់គ្រាន់ គឺជាចំណុចមួយទៀត ដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់។

លោកស្រី បញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋសូមយកចិត្តទុកដាក់ទៅលើការបរិភោគចំណីអាហាររបស់ខ្លួន ធ្វើការផ្គត់ផ្គង់នូវម្ហូបអាហារនេះជូនទៅដល់ក្រុមគ្រួសារ ជាពិសេសមាតាបិតាអាណាព្យាបាល ដោយការបីបាច់ថែរក្សាកូនចៅរបស់ខ្លួននេះ ក៏សូមអនុវត្តន៍ឱ្យបានល្អត្រឹមត្រូវនូវសុវត្ថិភាពអនាម័យចំណីអាហារឲ្យបានល្អ ចៀសវាងយើងប្រើប្រាស់នូវម្ហូបអាហារណាដែលហួសសុពលភាព ឬក៏អាហារដែលទុកយូរដែលអាចធ្វើឱ្យមានការប៉ះពាល់ទៅដល់សុខភាពយើង»។

បន្ថែមពីលើនេះ លោកស្រី ក៏បានណែនាំដល់ពលរដ្ឋ ត្រូវរក្សាអនាម័យដៃស្អាតមុនពេលបរិភោគ ក៏ជាកត្តារួមផ្សំដ៏ធំ ដែលគួរមាតាបិតា ឬអាណាព្យាបាល ណែនាំបុត្រធីតារបស់ខ្លួនត្រូវសម្អាតដៃឲ្យបានស្អាតសិន មុនពេលទទួលទានអាហារ ហើយអ្នកដែលធ្វើម្ហូបត្រូវលាងសម្អាតម្ហូបអាហារឱ្យឲ្យបានស្អាត ហើយត្រូវចម្អិនឲ្យបានឆ្អិនល្អ។

ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា ចំពោះការដាំដុះបន្លែ និងផ្លែឈើ ក៏ដូចជា ដំណាំផ្សេងៗ ត្រូវអនុវត្តតាមបែបធម្មជាតិ គឺប្រើជីធម្មជាតិ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ហើយសារធាតុគីមី ក៏នឹងមិនត្រូវយកមកប្រើប្រាស់ដើម្បីរក្សាម្ហូបអាហារ ផ្លែឈើ ដើម្បីរក្សានូវភាពស្រស់ស្អាតបានយូរ ប៉ុន្តែបានបំផ្លាញគុណភាពម្ហូបអាហារ និងផ្លែឈើទាំងនោះ ហើយដែលនឹងបណ្តាលឲ្យអ្នកបរិភោគជួបប្រទះនូវបញ្ហាសុខភាពនៅពេលទទួលទាន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ