កម្ពុជា-ថៃ ឯកភាពគ្នាមិនបិទច្រកទ្វារព្រំដែន ជាឯកតោភាគី បើបិទព្រំដែនណាមួយ ធ្វើឡើងដោយហេតុផលច្បាស់លាស់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ បានឯកភាពគ្នាមិនបិទច្រកទ្វារពំ្រដែនជាឯកតោភាគីឡើយ ហើយការបិទច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយហេតុផលច្បាស់លាស់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៧ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ចំពោះកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន ភាគីទាំងពីរបានស្វាគមន៍ការបើក ដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (ខេត្តបាត់ដំបង)-បានខៅឌីន(ខេត្តស្រះកែវ) នៅក្នុង ឆ្នាំ២០១៨ និងស្វាគមន៍ការបិទបញ្ចប់ការងារសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណង អៀន នៅក្នុងឆ្នាំ២០១៩។
ភាគីទាំងពីរ ក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការឱ្យបានជិតស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ) - បានណងអៀន (ខេត្តស្រះកែវ) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
បន្ថែមលើនេះ ភាគីទាំងពីរឯកភាពសហការពន្លឿនការដំឡើងនិងការបើកដំណើរការ ច្រកទ្វារ ព្រំដែននៅសេសសល់ចំនួនបីទៀត ជាច្រកទ្វារព្រំដែនអន្តរជាតិ មានដូចជា៖ ទី១-ច្រកទ្វារព្រំដែន អានសេះ(ខេត្តព្រះវិហារ)-អានម៉ា(ខេត្តឧប៊ុនរាជធានី) ,ទី២-ច្រកទ្វារព្រំដែនថ្មដា(ខេត្តពោធិ៍សាត់ ) បានថាសែន(ខេត្តត្រាត) និងទី៣-ច្រកទ្វារព្រំដែនជប់គគីរ(ខេត្តឧត្តរមានជ័យ)-សាយតាគូ(ខេត្ត បុរីរ៉ាំ)។ ភាគីទាំងពីរ ក៏បានយល់ព្រមពិនិត្យលទ្ធភាពក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង) បានម៉ាក់មួង (ខេត្តត្រាត) ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
ជាងនេះទៅទៀត ភាគី ទាំងពីរ បានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្ត បន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀត។
បន្ថែមលើនេះ ភាគីទាំងពីរឯកភាពថា «មិនបិទច្រកទ្វារព្រំដែនជាឯកតោភាគីឡើយ។ ការបិទ ច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយមានហេតុផលច្បាស់លាស់ និងតាមការចាំបាច់ និងដោយមានការព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ»។
សូមបញ្ជាក់ថា តាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ សម្ដេចក្រឡាហោម ស ខេង បានសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ៕