ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញមោទនភាពនៅពេលកម្ពុជា មានកូវីដ-១៩ រាតត្បាត មិនមានប្រជាពលរដ្ឋណាម្នាក់ដេកតាមផ្លូវ ហើយអ្នកស្លាប់មិនមានសពណា អត់ក្តាមឈូសឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនាអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ដែលមានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ឆ្លៀតឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា វិស័យអប់រំ និងសុខាភិបាល គឺជាវិស័យអាទិភាពខ្ពស់ជាងគេ ក្នុងការជ្រើសរើសក្របខណ្ឌរបស់ខ្លួន ដោយធ្វើការប្រឡងឱ្យបានត្រឹមត្រូវផងដែរ។

សម្ដេចតេជោ បន្ថែមថា ប៉ុន្ដែ សម្រាប់គ្រូពេទ្យ នាឆ្នាំកន្លងទៅ ឱ្យជ្រើសរើសក្របខណ្ឌចំនួន ៣០០០នាក់។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ សម្តេចតេជោ បានប្រកាសអនុញ្ញាតឲ្យបន្ថែមការប្រឡងគ្រូពេទ្យចូលក្របខណ្ឌសុខាភិបាល ចំនួន២០០នាក់ទៀត។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានប្រកាសផ្តល់ជូននូវបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០នាក់ បន្ថែមទៀត សម្រាប់ឱ្យបម្រើការងារនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព។ សម្ដេច បានផ្ដាំផ្ញើដល់ក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ផ្តើមធ្វើកិច្ចការនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ