សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់ពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោតតាម ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាម ឃុំ-សង្កាត់ របស់ខ្លួនឱ្យបានគ្រប់ៗគ្នា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន ១ខ្នង ចំនួន ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានលើកអំពីដំណើរការឈានទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភានា ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា «សូមអំពាវនាវប្រជាពលរដ្ឋដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត ឬមិនទាន់មានឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់របស់ខ្លួនឱ្យបានគ្រប់ៗ គ្នាឬកែតម្រូវទិន្នន័យឈ្មោះរបស់ខ្លួន»។
លើសពីនេះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណបណ្ណផុត ឬជិតផុតសុពលភាព ប្រញាប់ទៅបំពេញបែបបទធ្វើអត្តសញ្ញាណបណ្ណថ្មីតាមការណែនាំរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សូមរំលឹកថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ មានរយៈពេល ៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា៕EB