ភ្នំពេញ ៖ រយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៣៨០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបប្រចាំមាស (៩ខែ) ឆ្នាំ២០២១ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន៣៨០,៤៥៦,៧៩៣.៨៤ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័កៅស៊ូ ចំនួន៣៧៩,៣៨៧,៩០៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន១,០៦៨,៨៨៥.៨៤ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញ៩ខែឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន២២៧,៥៦៧តោន កើនឡើងចំនួន១៧,៤៦៩តោន ស្មើនឹង៨% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៤,៧០៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម ចាប់ពីដើមឆ្នាំ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២១ ថ្លៃ១,៦៦៧ដុល្លារ ក្នុងមួយតោន បានកើនឡើងចំនួន៣៧៦ដុល្លារ ក្នុងមួយតោន ស្មើនឹង២៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹម ៩ខែ ឆ្នាំ២០២១ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,១៦០ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៤,៣១៩ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,៨៤១ហិកតា ស្មើនឹង២២%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ