សម្ដេចក្រឡាហោម ស ខេង ៖ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ទោះបីគណបក្សប្រឆាំងឈ្នះឆ្នោត ក៏ត្រូវគោរពគាត់ដែរ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា តាមគោលការណ៍លទ្ធប្រជាធិបតេយ្យ ទោះបីគណបក្សប្រឆាំងឈ្នះឆ្នោតឃុំ-សង្កាត់ ក៏ដោយ ក៏ត្រូវគោរពគាត់ដែរ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា មានសុខសន្ដិភាព។
នាឱកាសអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយសកម្មជន បេក្ខជន និងសមាជិក សមាជិកា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា គណបក្សប្រឆាំងគ្រាន់សន្យាចោល មិនដែលធ្វើតាមការសន្យាឡើយ។ ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាវិញសន្យា គឺធ្វើ។ សម្ដេច ថា អ្នកធ្វើ គឺមានកហុស ប៉ុន្ដែអ្នកមិនធ្វើ គឺមិនមានកំហុសច្រើនឡើយ។
សម្ដេច បញ្ជាក់ថា ការបោះឆ្នោតឃុំ-សង្កាត់ គឺជាផ្នែកមួយ នៃការពង្រឹងសុខសន្ដិភាព និងការពង្រឹងស្ថិរភាពនយោបាយ នៅមូលដ្ឋាន ព្រោះថា គឺជាការជ្រើសរើសមេឃុំ-សង្កាត់ ដោយការកើនចេញពីការបោះឆ្នោត។
សម្ដេច បញ្ជាក់បន្ថែមទៀតថា «កាលណា អ្នកនេះឡើងកាន់អំណាច ឡើងធ្វើមេឃុំ ចង្អុលតែតាំងធ្វើមេឃុំ អ្នកខ្លះមិនសម្បាយចិត្ត គេមិនគាំទ្រ។ ប៉ុន្ដែពេលបោះឆ្នោតទាំងអស់គ្នាផ្ដល់មតិ ប្រជាពលរដ្ឋផ្ដល់មតិតាមរយៈសន្លឹកឆ្នោត។ ចឹងអ្នកណាឈ្នះឆ្នោត អ្នកដែលប្រឆាំងពីមុនមក ក៏ត្រូវគោរពគាត់ដែរ ត្រូវដើរតាមគាត់ ព្រោះគោលការណ៍លទ្ធិប្រជាធិតេបយ្យ។ ខ្ញុំ មិនបោះឲ្យអ្នកឯង អ្នកឯងឈ្នះៗទៅ ខ្ញុំមិនគោរព អាហ្នឹងគឺខុសច្បាប់ហើយ»។
លើសពីនេះ សម្ដេច ស ខេង ក៏បានឲ្យដឹងថា ប្រជាពលរដ្ឋប្រឆាំងគណបក្សណាមួយ នៅពេលបោះឆ្នោតរួច ប្រជាពលរដ្ឋត្រូវដើរតាម និងគោរពគណបក្សនោះ។ សម្ដេច ថា បោះឆ្នោតចាញ់ថ្ងៃនឹង មិនអាចបោះឆ្នោតនៅស្អែកបន្ដទៀតឡើយ។ បញ្ហារឿងទាំងនេះ សម្ដេច ណែនាំប្រជាពលរដ្ឋមុនសម្រេចគូសសម្លឹកឆ្នោត ត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវបំផុត៕