ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឱ្យមានការកើនឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន ជាដើម។

ក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ាន ឆ្នាំ២០២២ ក្រោមប្រធានបទ «ភាពជាដៃគូសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត និងឆ្លើយតបរហ័ស» នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ជាការពិតស្របពេលដែលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពឡើងវិញ ស្ថានភាពសង្គម-សេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល នៅត មានភាពផុយស្រួយ និងងាយបែកខ្ញែក។

សម្ដេចតេជោ បញ្ជាក់ថា «ជាក់ស្ដែង ការបន្តអូសបន្លាយនៃសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គម-សេដ្ឋកិច្ច ឡើងវិញ តាមរយៈការបង្កឱ្យមានការកើន ឡើងនៃសម្ពាធអតិផរណា និងការកកស្ទះប្រព័ន្ធដឹកជញ្ចូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងវិស័យទំនិញម្ហូបអាហារ»។

សម្ដេចតេជោ បន្ថែមថា ទន្ទឹមគ្នានេះ ភាពតានតឹងនៃ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់យុទ្ធសាស្ត្រមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព ក្នុងតំបន់ និងសកល។ សម្ដេច ថា បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពមានកម្រិតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះ ទាមទារឱ្យមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងស្អិតរមួត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកល។

សម្ដេចតេជោ បញ្ជាក់បន្ថែមថា «ខ្ញុំសូមរំលឹកឡើងវិញថា នៅពេលមានការផ្ទុះឡើងដំបូងនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ប្រទេសនីមួយៗបានបិទព្រំប្រទល់ និងកាត់បន្ថយការទាក់ទងរវាងមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះ យើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ។  ប៉ុន្តែ ការថមថយនៃការឆ្លងរាលដាលក្នុងកម្រិតមួយ ដែលអាចគ្រប់គ្រងបាន ដូចដែលយើងមើលឃើញនាពេលបច្ចុប្បន្ននេះ គឺផ្តើមចេញពីការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង, ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់ និងចេះ ជួយគ្នាទៅវិញទៅមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ