សម្តេចក្រឡាហោម ស ខេង ៖ ការប្រជុំកំពូលអាស៊ាន នាពេលខាងនេះ គឺជាការនាំមាស ពេជ្រ ប្រាក់ មកឱ្យប្រជាជនខ្មែរ
បាត់ដំបង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងនូវសេចក្ដីរីករាយថា ការប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ គឺជាការនាំមាស នាំពេជ្រ និងនាំប្រាក់ មកឱ្យប្រជាជនកម្ពុជាគ្រប់ៗគ្នាផងដែរ។
កម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៨-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ចំនួន ១ខ្នង ចំនួន ២ជាន់ ស្មើនឹង ១២បន្ទប់ ស្ថិតនៅភូមិភ្នំសំពៅ ឃុំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ចាប់ពីសប្តាហ៍ក្រោយតទៅ កម្ពុជានឹងធ្វើការប្រជុំកំពូលអាស៊ាន គឺជាសមាគមបណ្តាប្រទេសអាស៊ីប៉ែកអាគ្នេហ៍ ដែលមាន១០ប្រទេសជាសមាជិក ដែលកម្ពុជាធ្វើជាប្រធានប្តូរវេន ដោយមានការចូលរួមពីថ្នាក់ដឹកនាំពិភពលោក ដែលជាដៃគូរអាស៊ាន ដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ អូស្ត្រាលី ញ៉ូហ្សឺឡែន រុស្ស៊ី និងបណ្តាប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ។
សម្តេចក្រឡាហោម ក៏បានចាត់ទុកថា ការប្រជុំកំពូលអាស៊ាននេះគឺជាព្រឺត្តិការណ៍ដ៏ធំសម្រាប់ព្រះរាជាណាចក្រកម្ពុជា បើសិនជាប្រទេសយើងនៅមានសង្រ្គាម ប្រទេសអស្ថេរភាព មានភេរវកម្ម សន្តិសុខសណ្តាប់ធ្នាប់សាធារណៈមិនល្អ គឺគេមិនមកនោះទេ ។
សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា «ការណ៍ដែលប្រតិភូជាថ្នាក់ដឹកនាំពិភពលោក មកយ៉ាងដូច្នេះ ប្រៀបបាននឹងការនាំមាស នាំពេជ្រ នាំប្រាក់យកមកឱ្យប្រជាពលរដ្ឋយើង មានន័យថា មិនមែននាំមកឱ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ឬថ្នាក់ដឹកនាំជាតិសំខាន់ប៉ុន្មាននាក់នោះទេ ក្នុងន័យនេះយើងត្រូវចូលរួមស្វាគមន៍ភ្ញៀវ ដែលបានមកកម្ពុជា បើទោះបីជាភ្ញៀវមិនបានមកកាន់ខេត្តបាត់ដំបង យ៉ាងណាក៏ដោយ តែក្នុងឋានៈជាប្រជាជនកម្ពុជា យើងត្រូវប្រកាន់យកឥរិយាបថថ្លៃថ្នូរ ប្រកបដោយការទទួលស្វាគមន៍ ដោយភាពរាក់ទាក់ចំពោះភ្ញៀវ ដោយមិនធ្វើអ្វីដែលនាំឱ្យគ្មានសណ្តាប់ធ្នាប់នោះឡើយ»៕EB