ប្រសិនប្រើយើងធ្វើដំណើរចុះតាមផ្លូវលំ នៃភូមិមេលំ ក្នុងស្រុកបរិបូរណ៍នាពេលរាត្រី អ្នកប្រាកដជាចម្លែងចិត្តដោយព្រោះតែ ឃើញអំពូលពណ៌ស្វាយច្រើនស្អេកស្កះស្ទើរគ្រប់ផ្ទះ ផ្ទះខ្លះមាន ៤ទៅ៥ ឯផ្ទះខ្លះទៀតមានទៅដល់១០ទៅ២០ផ្ទាំងឯណោះ។
ហើយប្រសិនបើអ្នកទៅពិនិត្យឱ្យជិតនោះអ្នកនឹងឃើញថានោះ គឺជាកន្លែងដែលអ្នកភូមិធ្វើដើម្បីដាក់ចង្រិត ដោយកន្លែងដាក់ច ង្រិតនោះមានរណ្តៅទំហំប្រវែងមួយម៉ែត្រ និងជម្រៅប្រហែលកន្លះម៉ែត្រ មានដាក់ទឹកជិតពេញដោយក្រាលបាត និងហ៊ុមព័ទ្ធ ជុំវិញរណ្តៅជាមួយនឹងស្បោងប្លាស្ទិកពណ៌ស ខណៈមួយផ្ទាំងដាក់ខាងលើធ្វើជារបាំងឲ្យចង្រិតហើរបុក។
បងស្រី ប្រោញ សុង ដែលជាកសិករប្រកបរបរដាក់ចង្រិតក្នុងភូមិមេលំ បានលើកឡើងថា”ការដាក់ចង្រិតនេះ ប្រើប្រាស់ដើមទុនតិចដោយមានត្រឹមអំពូលមួយ តម្លៃត្រឹមតែ ១៥០០០រៀល និងដុំភ្លើង៦០០០រៀល ព្រមទាំងប្រើប្រាស់ ប្លាស្ទិកចំនួន២ផ្ទាំង និងបា្លស្ទិកមួយផ្ទាំងទៀតដាក់នៅរណ្តៅខាងក្រោមដើម្បីក្រាលបាតនៅពេលចង្រិតហើរធ្លាក់។
បងស្រីបន្តថារបរដាក់ចង្រិតនេះដែរ ថ្ងៃណារកបាន ក្នុងមួយរណ្តៅថ្ងៃណារកបានមួយថ្លុក ២ ទៅ៣គីឡូ ហើយមួយយប់សរុប បានប្រហែល១០ ទៅ២០គីឡូ ដោយមួយគីឡូបានតម្លៃប្រហែល២០០០រៀល ។ មិនមែនតែភូមិមេលំនោះទេ បងស្រីបន្តថា នៅភូមិខាងមុខៗ មានគ្រួសារកសិករច្រើនណាស់ ប្រកបរបនេះ ដោយផ្ទះខ្លះរកបានពី៣០ ទៅ៤០គីឡូឯណោះ។
ចង្រិតធម្មជាតិនេះដែរ យើងរកបានតែនៅពេលចាប់ផ្តើមរដូវវស្សាតែប៉ុណ្ណោះ ចង្រិតមានរស់ជាតិឆ្ងាញ់ៗធំៗ លក់បានថ្លៃ ” “ឆ្នាំនេះពុំសម្បូរដូចបណ្តាឆ្នាំមុនៗនោះទេ !! ដោយសារមានប្រជាពលរដ្ឋរកច្រើន ។សម្រាប់ការលក់នេះដែរ បងស្រីថា មិនពិបាកនោះទេព្រោះមានឈ្មួញមកតាមទិញដល់ៗផ្ទះ សម្រាប់បោះបន្តលក់ទៅភ្នំពេញ “។
របរដាក់ចង្រិតធម្មជាតិ បានក្លាយជាមុខបរមួយ រកចំណូលបន្ថែមសម្រាប់បង្កើនជីវភាពគ្រួសារ បន្ទាប់ពីការធ្វើស្រែចំការ និងចិញ្ចឹមសត្វព្រោះ ដើមទុនតិច ពេលវេលាខ្លី តែទទួលបានប្រាក់ចំណូលគួរសម។
ប្រជាជននៅភូមិទាំងនេះពិតជាមានភាពរីករាយនឹងរបរបន្ទាប់បន្សំនេះណាស់ព្រោះថាវាមានភាពងាយស្រួលមិនសូវជាចំណាយដើមទុន ឬទាមទារបច្ចេកទេសអ្វីច្រើនទេ ក្រៅពីជីករណ្តៅដាក់ទឹកក្រាលបាតដោយស្បោងប្លាស្ទិក និងដាក់អំពូលភ្លើងនៅតាមភ្លឺស្រែ ឬមុខផ្ទះនោះ៕SP