ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥0 លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB បានឱ្យដឹងថា កម្មវិធីនេះនឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ ដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។
កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូលសម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបានអនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ