ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ប្រកបដោយមនសិការ ភាពស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលពិធីប្រារព្ធធ្វើឡើងនៅក្រុងព្រះសីហនុ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ កម្ពុជា នឹងរៀបចំការបោះឆ្នោតដ៏សំខាន់មួយទៀតនោះ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ រាជរដ្ឋាភិបាលកម្ពុជា មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឱ្យដំណើរការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព។

សម្ដេច បញ្ជាក់ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអំពាវនាវ សូមអ្នកពាក់ព័ន្ធទាំងអស់មេត្តាបន្តចូលរួមនៅក្នុងកិច្ចដំណើរការរៀបចំការបោះឆ្នោត នាពេលខាងមុខ ប្រកបដោយមនសិការ ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាឱ្យចាក់គ្រឹះកាន់តែរឹងមាំនៅក្នុងសង្គមកម្ពុជាយើង ដើម្បីបន្តរួមគ្នាថែរក្សា និងពង្រឹងសុខសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ»។

លើសពីនេះ សម្ដេច ស ខេង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញតាមការកំណត់ ដើម្បីធានាបាននូវភាពស៊ាំកាន់តែរឹងមាំនៅក្នុងសហគមន៍ ដែលជាមូលដ្ឋានដល់ការបង្កលក្ខណសម្បត្តិកាន់តែល្អប្រសើរ ក្នុងការដំណើរការសេដ្ឋកិច្ចជាតិ ដំណើរការរស់នៅជាប្រក្រតីរបស់ប្រជាពលរដ្ឋ និងចូលរួមក្នុងដំណើរការ នៃការបោះឆ្នោតនាឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន។

សម្ដេច ក៏បានណែនាំប្រជាពលរដ្ឋទាំងអស់បន្តរួមគ្នាចូលរួមថែរក្សាសមិទ្ធផលនានា ហើយរួមគ្នាកសាង និងអភិវឌ្ឍនាពេលកន្លងមកនៅតាមមូលដ្ឋាន ជាពិសេសខិតខំរួមគ្នាអភិវឌ្ឍ ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត សម្រាប់កូនចៅជំនាន់ក្រោយ ដោយរក្សាទុក នូវកេរ្ត៍មរតក «សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ