ថៃចោទថាទាហានកម្ពុជា១៨នាក់ ដែលមិនទាន់បានបញ្ជូនមកវិញ គឺកំពុងស្ថិតក្រោមនីតិវិធីស្ដីពីការរំលោភច្បាប់អន្តោប្រវេសន៍
ពីទីក្រុងបាងកក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រ ទី១ ខែសីហាថា ទាហាន ១៨នាក់ ដែលថៃមិនទាន់បញ្ជូនមកវិញ គឺដោយសារកំពុងស្ថិតក្រោមការចាត់ការតាមនីតិវិធីច្បាប់ស្តីពីការរំលោភច្បាប់អន្តោប្រវេសន៍របស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី CNA។អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បានលើកឡើងថា «ទាហានកម្ពុជា បានឈ្លានពានចូលទឹកដីថៃ ហើយកងទ័ពថៃបានឃុំខ្លួនពួកគេ ដោយផ្តល់ការថែទាំតាមគោលការណ៍មនុស្សធម៌»។
សូមបញ្ជាក់ថា បើយោងតាមមេកងទ័ពកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥, ទាហានថៃបានចាប់ខ្លួនទាហានកម្ពុជា ក្រោយពេលទាហានកម្ពុជា ដើរទៅចាប់ដៃគ្នាជាមួយទាហានថៃ នៅសមរភូមិជាំតែ។អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃសៅរ៍នេះ បន្តគូសបញ្ជាក់ថា កម្ពុជាកំពុងចរចាយ៉ាងសកម្ម ដើម្បីសម្រួលឱ្យមានការដោះលែងកងកម្លាំងកម្ពុជា ហើយស្នើឱ្យមានការដោះលែងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ៕