សម្តេចតេជោ ហ៊ុន សែន ស្នើអាមេរិក ឃ្លាំមើលសកម្មភាពរាយបន្លាលួស តាមព្រំដែន ពីសំណាក់កងទ័ពថៃ ជាទង្វើបំពានលើកិច្ចព្រមព្រៀង នៃបទឈប់បាញ់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើសហរដ្ឋអាមេរិក បន្តយកចិត្តទុកដាក់តាមដានសកម្មភាពរាយបន្លាលួសតាមបន្ទាត់ព្រំដែន ពីសំណាក់កងទ័ពថៃ ដែលជាទង្វើបំពានលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់។
សំណើរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងជំនួបជាមួយលោកស្រី Bridgette L.Walker ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅវិមានព្រឹទ្ធសភា។
លោក ជា ធីរិទ្ធ អ្នកពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្តើមនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការស្វាគមន៍ និងរីករាយបានជួបលោកស្រីភារធារី និងសហការីជាថ្មី។
លោកស្រីភារ ធារីស្តីទី បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាពិសេសបានរំលេចពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ លោកស្រី បានគូសរំលេចថា បច្ចុប្បន្ននេះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក មានភាពល្អប្រសើរ ហើយប្រទេសទាំងពីរកំពុងប្រារព្ធនូវការអបអរសាទរខួប៧៥ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានជម្រាបលោកស្រីភារធារីស្ថានទូតអាមេរិក អំពីសាវតារនៃជម្លោះព្រំដែនកម្ពុជា និងថៃ ក៏ដូចជាស្ថានការណ៍ដែលបានវិវឌ្ឍន៍ចុងក្រោយនៃជម្លោះនេះ បន្ទាប់ពីមានបទឈប់បាញ់នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា បទឈប់បាញ់មិនអាចកើតមានឡើយ បើគ្មានការចូលរួមពីសំណាក់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកទេនោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណក្រៃលែងចំពោះរដ្ឋបាលរបស់អាមេរិក ក៏ដូចជារដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក ដែលបានចាត់វិធានការទាន់ពេលវេលាលើជម្លោះរវាងកម្ពុជា និងថៃ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បទឈប់បាញ់ដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីអាមេរិក បានជួយដល់ប្រទេសទាំងពីរ ជាពិសេសកុំឱ្យទាហាន និងប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិតក្នុងសង្គ្រាមបន្តទៅមុខទៀត។
នៅចំពោះមុខលោកស្រីភារធារីស្ថានទូតអាមេរិក, សម្តេចតេជោ បានបង្ហាញក្តីបារម្ភចំពោះការវិវឌ្ឍន៍នៃស្ថានការណ៍ចុងលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសកម្មភាពរាយបន្លាលួសតាមព្រំដែនពីសំណាក់កងទ័ពថៃ។ សម្តេចតេជោ បានស្នើអាមេរិក បន្តយកចិត្តទុកដាក់តាមដានលើស្ថានការណ៍ដែលកំពុងវិវឌ្ឍន៍នេះ ដើម្បីធានាឱ្យបាននូវការអនុវត្តបទឈប់បាញ់៕