ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេសភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្ដង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមលើនេះ នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់អ្នកបើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរារចរណ៍ គ្រប់ពេលវេលាក្នុងពេលបើកបរ, សូមកុំគោរពតែនៅពេលដែលមាន វត្តមានកម្លាំងនគរបាល, មិនត្រូវមើលទូរស័ព្ទដើម្បីស្វែងរកទីតាំងតាម Google Map និងកុំនិយាយទូរស័ព្ទពេលកំពុងបើកបរឲ្យសោះ ជាពិសេលអ្នកបើកបរម៉ូតូ ពីព្រោះគ្រោះថ្នាក់អាចកើតមានតែក្នុង១ប៉ព្រិចភ្នែកប៉ុណ្ណោះ, មិនត្រូវដណ្តើម ឬប្រជែងយកឈ្នះគ្នាលើដងផ្លូវសាធារណៈ ដែលជាហេតុធ្វើឲ្យមានគ្រោះថ្នាក់ និងកុំវ៉ាជែងដោយបំពាន ក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់។

ដោយឡែក សម្រាប់នាយកដា្ឋននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នាយឧត្តមសេនីយ៍ ស ថេត បានផ្ដល់អនុសាសន៍ឲ្យសហការជាមួយក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍យ៉ាងតិច៦ខែម្តង, ត្រូវសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអ្នកបើកបរអត្តសញ្ញាណយានយន្ត បណ្ណបើកបរ និងបទពិសោធន៍ជំនាញ, ត្រូវជំរុញឲ្យមានកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ជាមួយក្រុមហ៊ុនជាទៀងទាត់, និងបង្កើតប្រព័ន្ធទំនាក់ទំនងនានាជាមួយក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដើម្បីសហការដោះស្រាយលើបញ្ហាប្រឈមនានា៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ