ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០ ០០០ដុល្លារ ដល់មជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីឧបត្ថម្ភដល់មន្ត្រីបោសសម្អាតមីន នៅតាមបណ្តោយ ព្រំដែន។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន ដែលឱ្យដឹងទៀតថា ការប្រគល់និងទទួលព្រះរាជទាននេះ ធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ដោយសម្តេច គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាព្រះរាជតំណាង និងលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC។

នៅក្នុងលិខិតអំណរព្រះរាជគុណរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក ហេង រតនា បានបញ្ជាក់ថា ព្រះរាជទ្រព្យនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមដែលបន្សល់ពីសង្រ្គាមដែលសៀមឈ្លានពានមកលើកម្ពុជា កាលពីថ្ងៃទី២៤-២៨ ខែកក្កដាកន្លងទៅ។

លោក ហេង រតនា បន្ថែមថា ព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រ ព្រះវររាជមាតាជាតិខ្មែរ ជានាពេលនេះ ក៏ដូចជាពេលកន្លងមក បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន រំដោះផ្ទៃដីសុវត្ថិភាពជូនប្រជាពលរដ្ឋសម្រាប់ បង្កបង្កើនផល លើកកម្ពស់ជីវភាពរស់នៅ និងគាំទ្រការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ពិសេសបង្ហាញព្រះទ័យជាទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រស្លូតត្រង់របស់ព្រះអង្គ ដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹក អាចវិល ត្រលប់ទៅកាន់លំនៅដ្ឋានវិញឲ្យបានឆាប់ និងប្រកបដោយសុខសុវត្ថិភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ