ស្ថាប័នធំៗចំនួន៣ ចេញសេចក្តីថ្លែងការណ៍រួម ពីការចាត់វិធានការចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិក បសស សម្រាប់ធានាលើកម្ចី
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការចាត់វិធានការ ចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម សម្រាប់ធានាលើកម្ចី។
នៅក្នុងសេចក្តីថ្លែងការណ៍រួម បានឱ្យដឹងដូចនេះថា កន្លងមក ក្រសួងមហាផ្ទៃ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សង្កេតឃើញថា មាននីតិបុគ្គល ឬរូបវន្តបុគ្គលមួយចំនួន បានធ្វើអាជីវកម្មផ្តល់កម្ចីខុសច្បាប់ ដែលធ្វើឡើងដោយគ្មានការអនុញ្ញាតជាមុនពីស្ថាប័នមានសមត្ថកិច្ច ក្រោមរូបភាពផ្សេងៗដូចជា៖ លុយរាប់ ការបញ្ចាំ ការផ្តល់ប្រាក់កម្ចី ដោយផ្ទាល់ និងតាមអនឡាញជាដើម។
ក្នុងនោះបុគ្គលមួយចំនួន ថែមទាំងធ្វើសកម្មភាពគំរាមកំហែង បំភិតបំភ័យ រៀបចំខសន្យាមិនសុចរិត និងកេងចំណេញហួសហេតុ ព្រមទាំងរក្សាទុកឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់ធានាកម្ចីទៀតផង។ សកម្មភាពទាំងនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បរិយាកាសវិនិយោគ និងសេដ្ឋកិច្ចសង្គម នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចត្រូវផ្តន្ទាទោស និងដាក់ពិន័យតាមច្បាប់ជាធរមាន៕