សម្តេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាល កុំទិញអគ្គិសនី អ៊ីនធើណេត ប្រេងឥន្ទនៈ និងឧស្ម័នថៃទៀត ជៀសវាងថៃគំរាម
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើប្រមុខរាជរដ្ឋាភិបាលកម្ពុជាកុំទិញនូវមុខទំនិញជាយុទ្ធសាស្រ្តពីថៃឲ្យសោះ ដូចជា អគ្គិសនី អ៊ីនធើណេត ប្រេងឥន្ទនៈ និងឧស្ម័ន ព្រោះដើម្បីការពារ កុំឲ្យថៃគំរាមកាត់ផ្តាចនូវសេវាទាំងនេះម្តងទៀតមកកម្ពុជា នាពេលខាងមុខ នៅពេលដែលអាចមានបញ្ហាជាមួយថៃម្តងទៀត។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមក កម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។
សម្តេច បានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ។ កម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ដោយមិនបាច់មកតាមញ៉ែដើម្បីការចរចាណាទៀតទេ៕