ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា នៅកម្ពុជា ជំងឺមិនឆ្លង គឺជាជំងឺនាំមុខគេនៃការស្លាប់ និងពិការភាព ហើយការស្លាប់មុនអាយុបណ្តាលមកពីជំងឺមិនឆ្លងមានអត្រា ២៣% ក្នុងចំណោមប្រជាជនអាយុពី៣០ ទៅ៧០ឆ្នាំ។

ការថ្លែងយ៉ាងដូច្នេះរបស់ លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាធិបតីភាព ក្នុងសន្និសីទវិទ្យាសាស្ត្រ ស្ដីពី «អភិវឌ្ឍន៍ចំណេះដឹង និងជំនាញ ដើម្បីបម្រើសេវាសុខាភិបាល កាន់តែប្រសើរ» នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។

លោករដ្ឋមន្ដ្រី បានថ្លែងទៀតថា ក្នុងជំងឺមិនឆ្លងក្នុងនោះក៏មានជំងឺទឹកនោមដែរ ដូច្នេះករណីថ្មីជំងឺទឹកនោមផ្អែមបានកើនឡើង ៥៩.១៨% រវាងឆ្នាំ២០២៣ និង២០២៤ (ពី ១៤៤,៦៦៨ករណី នៅឆ្នាំ២០២៣ ទៅចំនួន ២៣០,២៧៩ករណី នៅឆ្នាំ២០២៤) ដែលក្នុងនោះករណីជំងឺទឹកនោមផ្អែមប្រភេទ១ មានប្រមាណជា ៧.៥% នៃករណីជំងឺទឹកនោមផ្អែមសរុប។ ដោយឡែកករណីជំងឺមហារីកវិញ បានកើនឡើង៨៧.៤២% រវាងឆ្នាំ២០២៣ និង២០២៤ (ពី ១៦,៨១៧នាក់ ក្នុងឆ្នាំ២០២៣ ទៅ ៣១,៥១៨នាក់ក្នុងឆ្នាំ២០២៤)។

លោក បានគូរបញ្ជាក់ទៀតថា «ជំងឺមិនឆ្លងនេះ ធ្វើឱ្យភាពក្រីក្រ កាន់តែធ្ងន់ធ្ងរថែមទៀត និងគំរាមកំហែងដល់គោលដៅអភិវឌ្ឍដទៃទៀតរបស់កម្ពុជា។ ដើម្បីដោះស្រាយលើភាពប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ផែនការសកម្មភាពពហុវិស័យជាតិ ស្ដីពីការការពារ និងការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ២០១៨-២០២៧ និងកំពុងបញ្ចប់ផែនការសកម្មភាពពហុវិស័យ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ នៅប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ