ភ្នំពេញ ៖ នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និងសន្តិសុខ, លោកសមាជិករដ្ឋសភាជប៉ុន បានសម្ដែងការពេញចិត្ត, ជាពិសេសកិច្ចសហប្រតិបត្តិរវាងកងស្វ័យការពារជេីងគោកជប៉ុន និង កងទ័ពជេីងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ ទន្ទឹមនេះ លោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន បំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ដែលនឹងរួមចំណែកដល់ការស្វែងរកឱកាសពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត។

ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, សមាជិកសភាជប៉ុនរូបនេះ បានសម្ដែងការស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Creations Package) ដែលនេះ គឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងការទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតមកវិនិយោគនៅប្រទេសកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី លេីការបណ្តុះបណ្តាល ការបោសសម្អាតមីនមនុស្សធម៌, ជប៉ុន នឹងបន្តសហការជាមួយកម្ពុជា ជួយដល់ប្រទេសអ៊ុយក្រែននិង ប្រទេសផ្សេងទៀត។ សមាជិកសភា បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹង និងពង្រីក ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រេីន និងរឹងមាំបន្ថែមទៀត ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ជាការឆ្លើយតប សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯឧត្តមសមាជិករដ្ឋសភាជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្ដេចមហាបវរធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់នូវការគាំទ្រដល់ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពដល់កងទ័ពកម្ពុជា។ ជាមួយគ្នានេះ, សម្ដេចបវរធិបតី បានសម្តែការពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ចេញយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និងបានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការជាមួយភាគីជប៉ុន ដេីម្បីអនុវត្តយន្តការនៃកិច្ចសហប្រតិបត្តិការថ្មីនេះ ឱ្យទទួលបានជោគជ័យ។

សម្ដេចមហាបវរធិបតី ក៏បានអរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជានាពេលកន្លងមក និងបានគូសបញ្ជាក់អំពីការបន្តនូវការគាំទ្ររបស់កម្ពុជាទៅលើគំនិតផ្ដួចផ្ដើរមរបស់ជប៉ុនទៅលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដើម្បីជាការរួមចំណែកត្រឡប់ទៅវិញរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ តាមរយៈការបញ្ជូននូវកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលផ្ដោតទៅលើការបោសសម្អាតមីន និងការថែរក្សាសន្តិភាព ដែលពីមុន កម្ពុជាជាប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាពអង្គការសហប្រជាជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ