ព្រៃវែង ៖ ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយជំរុញដល់មន្ត្រីព្រំដែនកម្ពុជាពង្រឹងភាពជាអ្នកជិតខាងល្អជាមួយប្រទេសជាប់ព្រំដែនដោយសង្ឃឹមទទួលបានអ្នកជិតខាងល្អជាងអ្នកជិតខាងអាក្រក់។ សម្ដេច បាននិយាយផងដែរថា «មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន»។

លើកឡើងក្នុងពេលចុះពនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេច បានរម្លឹកពីប្រវត្តិនៃច្រកទ្វារអន្តរជាតិនេះ និងការរួមគ្នាបោះបង្គោលព្រំដែនដោយសន្ដិភាពរួមគ្នារវាងកម្ពុជា-វៀតណាម ព្រមទាំងសង្ឃឹមថានឹងអាចពង្រឹងច្រកទ្វារអន្តរជាតិនេះឱ្យលើសពីច្រកចេញចូលទៀតផង។

សម្ដេច បានណែនាំដល់មន្ត្រីតាមព្រំដែនធ្វើយ៉ាងណារក្សាមិត្តភាពល្អជាមួយប្រទេសជិតខាងដែលនឹងអាចជំរុញដល់ការអភិវឌ្ឍន៍ និងរីកចម្រើនទាំងអស់គ្នា។

សម្ដេច ថា «សុំថាតាមព្រំដែននីមួយៗបញ្ហាធំជាងគេគឺថាធ្វើទំនាក់ទំនងឱ្យបានល្អរឿងប៉ុនហ្នឹងទេ! និយាយតាមមួយបែបទៀតថា មានអ្នកជិតខាងល្អដូចមានមាស មានអ្នកជិតខាងអាក្រក់ដូចមានមីន រឿងហ្នឹងវាអ៊ីចឹង»។

ការលើកឡើងរបស់ សម្ដេចតេជោ ស្របពេលដែលបញ្ហាព្រំដែនកម្ពុជាថៃកំពុងកើនកម្ដៅជាបន្តបន្ទាប់ក្រោយពីថៃបានឆ្មក់ចូលមកបាញ់សម្លាប់ទាហានខ្មែរ ព្រមទាំងគំរាមផ្ដាច់អ៊ីនធើណិត ប្រេសងសាំង និងបិទព្រំដែនដោយឯកតោភាគីកាលពីកន្លងទៅ។

ការពង្រីកបញ្ហាជម្លោះព្រំដែនដោយភាគីថៃនេះបានធ្វើឱ្យកម្ពុជាឆ្លើយតបទៅវិញជាបន្តបន្ទាប់រហូតដល់ថៃស្នើសុំឱ្យមានការចរចារឱ្យបើកព្រំដែនវិញផងដែរ តែត្រូវបានកម្ពុជាបដិសេធ។ រដ្ឋាភិបាលបានបញ្ជាក់ជំហរថាថៃជាអ្នកបិទដូច្នេះសូមថៃជាអ្នកបើកវិញដោយខ្លួនវិញជាការស្រេចហើយ មិនចាំបាច់ទាញកម្ពុជាចូលចរចារនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ