ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ នៃឆ្នាំ ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៣៨៧ ០៧០ តោន គិតជាទឹកប្រាក់បានចំនួន ២៨៣.៤១ លានដុល្លារសហរដ្ឋអាមេរិក។
សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ការនាំចេញអង្ករបានចំនួន ៣៨៧០៧០ តោន ធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥០ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ១៨២ ៨៨៥ តោន គិតជាទឹកប្រាក់ចំនួន ១៤៣.៦៤ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១០២ ៥០៩ តោន គិតជាទឹកប្រាក់ចំនួន ៦០.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ ប្រទេសបានបរិមាណចំនួន ៥២ ៨៩០ តោន គិតជាទឹកប្រាក់ចំនួន ៣៧.០៩ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣២ ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៤៨ ៧៨៥ តោន គិតជាទឹកប្រាក់ចំនួន ៤២.៤២ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥% ប្រភេទអង្ករសគ្រាប់វែង ១៩.៦៨% អង្ករចំហ៊ុយ ២.៤៩% អង្ករសរីរាង្គចំនួន ២.១៣% និងអង្ករផ្សេងៗចំនួន ០.៧% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១៧៦ ៥៦១ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៥៧.៤៩ លានដុល្លារសហរដ្ឋអាមេរិក៕