ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចេញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសិង្ហបុរីរហូតដល់ថ្ងៃទី៩ ខែកក្កដា។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក K. Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី។

បើតាម លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យ ឧបនាយករដ្ឋមន្រ្តី ស សុខា នៅប្រទេសសិង្ហបុរី ឧបនាយករដ្ឋមន្រ្តី ស សុខា នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោក K.Shanmugam រដ្ឋមន្រ្តីក្រសួងសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ព្រមទាំងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្ដីពីការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។

ក្នុងឱកាសទស្សនកិច្ចនេះដែរ អ្នកនាំពាក្យ បានឱ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីសិង្ហបុរី ព្រមទាំងបន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចស្វែងយល់នៅតាមបណ្ដាទីតាំងសំខាន់ៗ ពាក់ព័ន្ធនឹងការផ្ដល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ។

សូមបញ្ជាក់ជូនថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ។ ឈរលើស្មារតីសហប្រតិបត្តិការនេះ ក្រសួងទាំងពីរបានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។

លោករ៉េន រតនៈ បានសង្កត់ធ្ងន់ថា អនុស្សារណៈត្រៀមចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច ឧបនាយករដ្ឋមន្រ្តី គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ