ស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%
ក្រចេះ ៖ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%។
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច(ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រចាំឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ។ ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។
គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។
ថ្លែងក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។
បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ឯកឧត្តមបានបន្ថែមថា មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕