សម្តេចធិបតី ហ៊ុន សែន ៖ ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជា សំពៅនៅមហាសមុទ្រ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រាសាទព្រះវិហារ ដែលស្ថិតនៅ ខេត្តព្រះវិហារ បានលាតសន្ធឹងយ៉ាងស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ ខណៈថ្ងៃថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាខួប១៧ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ។
ក្នុងឱកាសអបអរសាទរខួបលើកទី១៧ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ - ៧ កក្កដា ២០២៥ ) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ កម្ពុជា បានថ្លែងថា «ប្រាសាទព្រះវិហារ បានលាតសន្ធឹងយ៉ាងធំស្កឹមស្កៃ ប្រៀបដូចជាសំពៅនៅមហាសមុទ្រ ឈរបង្អួតសម្រស់ដ៏ល្អល្អះនៅលើកំពូលភ្នំ»។
សម្តេចធិបតី បានបន្ថែមទៀតថា «ប្រាសាទនេះបានកសាងនៅក្នុងភូមិសាស្រ្តភ្នំដងរែក ខេត្តព្រះវិហារ ភាគខាងជើងនៃប្រទេសកម្ពុជា ដោយឧទ្ទិសថ្វាយដល់ព្រះអាទិទេពភ្នំ គឺ "សិខរិស្វរ និងភទ្រស្វរ" ដោយព្រះអង្គម្ចាស់ ឥន្ទ្រាយុទ្ធ ដែលជាបុត្ររបស់ព្រះបាទជ័យវរ្ម័នទី២ បាននាំសិវសិង្គ ស្រីសិខរិស្វរ ពីលិង្គបុរី (វត្តភូ) មកតម្កល់លើភ្នំព្រះវិហារ ហើយប្រាសាទត្រូវបានសាងសង់ដោយបុព្វបុរសខ្មែរ ជាអតីតក្សត្រ ចំនួន ៨ព្រះអង្គ»។
សូមបញ្ជាក់ថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាស្ថិតនៅលើភ្នំដងរែក មានកម្ពស់ ៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ ៤១៤គីឡូម៉ែត្រ ភាគខាងជើងនៃរាជធានីភ្នំពេញ។ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ ជាខួប ១៧ឆ្នាំ (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣) ដែលមរតកដ៏មហាសាលរបស់កម្ពុជាមួយនេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក។
ការដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិ ក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ជោគជ័យជាប្រវត្តិសាស្ត្រនេះ បាននាំមកនូវក្តីអំណរសាទរ និងក្តីរំភើបរីករាយឥតឧបមា ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង បាននាំគ្នាស្រែកជ័យឃោស ដុតទៀនទូងស្គ ប្រគំតន្ត្រីជាដើម។
យ៉ាងណាក៏ដោយតាមរយៈសារអបអរសាទរខួបលើកទី១៧ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោកនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានលើកឡើងជាថ្មីម្តងទៀតផងដែរថា «កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕