រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ កម្ពុជា-សិង្ហបុរី នឹងចុះ MOU ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងលោក K. Shanmugam រដ្ឋមន្ត្រីសម្របសម្រួលសន្តិសុខជាតិ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរី នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគី និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ (MOU) ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណង ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា តបតាមការអញ្ជើញរបស់ លោក K. Shanmugam និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, លោកឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបំពេញ ទស្សនកិច្ចការងារ នៅសាធារណរដ្ឋសិង្ហបុរី ចាប់ពីថ្ងៃទី០៧-០៩ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក K. Shanmugam និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងគោលបំណងដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី។
លើសពីនេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះដែរ ក៏នឹងមានជំនួបជាមួយ នឹងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋសិង្ហបុរី និងអញ្ជើញទស្សនកិច្ចនៅទីតាំងសំខាន់ៗមួយចំនួនពាក់ព័ន្ធ នឹងការងារផ្តល់សេវាសាធារណៈ និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ៕