ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា បានបណ្តេញជនជាតិវៀតណាមចំនួន ១៦១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមអនុសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៦១នាក់ (ស្រី២៨នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីបំពានប្រកាស ស្តីពីការបណ្តេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា អនុវត្តទោសចប់ (រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។
ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមណ្ឌលអប់រំកែប្រែទី២ នៃអគ្គនាយកដ្ឋានពន្ធនាគារ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងរាជធានីភ្នំពេញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕