កម្ពុជា ជារដ្ឋសមាជិកសកម្ម នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា ខណៈគិតមកដល់ពេលនេះ កម្ពុជា បានបោសសម្អាត និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សជាង ១.២លានគ្រាប់
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ បានលើកឡើងថា កម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះ ប្រកបដោយជោគជ័យទាំងឆាកជាតិ និងអន្តរជាតិ ទាំងមុន និងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធនៅឆ្នាំ២០០០។
បើតាមលោក ហេង រតនា, កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស មានចំនួនប្រមាណ៤-៦លានគ្រាប់ ហើយគិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។
ការចេញមកបញ្ជាក់អំពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជា ក្នុងការអនុវត្តន៍អនុសញ្ញាមីនអន្តរជាតិអូតាវ៉ារបស់មេស៉ីម៉ាក់កម្ពុជា ត្រូវបានគេដឹងថា ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់ក្រុមមន្ត្រីថៃ ដែលគំរាមប្តឹងកម្ពុជា ទៅអង្គកាសហប្រជាជាតិ (UN) ដែលចោទកម្ពុជាថា បំពានអនុសញ្ញាមីនអន្តជាតិអូតាវ៉ា ក្រោយពេលទាហានថៃ ៣រូបជាន់មីនផ្ទុះនៅតំបន់ព្រំដែន។
មេស៉ីម៉ាក់រូបនេះ បញ្ជាក់ទៀតថា គិតមកដល់ពេលនេះ កម្ពុជាបានបោសសម្អាត និងកម្ទចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់៕