ព្រៃវែង ៖ នៅកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

លោក សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ចនេះ បានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ និងបានបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង រួមទាំងសមាជិក សមាជិកានៃគណៈកម្មាធិការអនុវត្តគម្រោងមជ្ឈមណ្ឌល ក្រោមការដឹកនាំសម្របសម្រួលពីឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ចំណាយទឹកប្រាក់សាងសង់ជាង៩សែនដុល្លារអាម៉េរិក។ 

លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៅកាន់អង្គពិធីថា វិទ្យាស្ថានថ្មីនេះ មានគោលបំណងបណ្ដុះបណ្ដាលសហគ្រិនភាពដល់យុវជន សិស្ស និស្សិតទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងផ្ដល់ឱកាសឱ្យនិស្សិតបានហាត់ការអំពីការធ្វើអាជីវកម្ម ក្រោមការណែនាំ និងបណ្ដុះបណ្ដាលពីសាស្ដ្រាចារ្យ និងអ្នកជំនួញមានបទពិសោធន៍ខ្ពស់ មុនចេញទៅប្រកបអាជីវកម្មដោយខ្លួនឯង ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឧស្សាហកម្ម សហគ្រាស និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចទាំងក្នុងប្រទេស និងក្រៅបរទេស។ 

ឈរលើគោលការណ៍គាំទ្រគ្នាទៅវិញទៅមកបែបប្រាកដនិយម ក្នុងឱកាសនោះដែរ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច បានចុះអនុស្សរណៈនៃការយោគយល់ ជាមួយ សហគ្រិនខ្មែរ ក្រោមអធិបតីដឹង លោក ឧបនាយករដ្ឋមន្ត្រី ស សុខា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងលោក ហែម វណ្ណឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ 

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចរៀបចំសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ទៅជាមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល មុនគេបង្អស់នៅកម្ពុជា។ ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ មជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ មានសិស្ស និស្សិតកំពុងសិក្សាសរុបចំនួន៦,៦៨៧នាក់ រួមមាន មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ វិទ្យាស្ថានអប់រំបច្ចេកទេសវិជ្ជាជីវៈ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច និងសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ