លោក ប៉ែន បូណា ៖ យុវជនជំនាន់នេះមានឱកាសច្រើនដើម្បីក្លាយជាមូលធនមនុស្ស ប៉ុន្តែឱកាសមិនរត់រកក្មួយៗទេ
បាត់ដំបង ៖ យុវជនជំនាន់នេះមានឱកាសរៀនសូត្រច្រើនណាស់ បើធៀបជាមួយយុវជនជំនាន់មុន ដូច្នេះពួកគេត្រូវចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សខ្លាំងជាងរៀមច្បងរបស់ខ្លួនដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែជឿនលឿនទៅមុខ។
នេះគឺជាការគូសបញ្ជាក់របស់ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសធ្វើបាឋកថានៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង (UME) នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានកោតសរសើរយុវជនជំនាន់នេះថា មានសំណាងបានកើតនិងធំធាត់ក្នុងសម័យសន្តិភាពនិងមានឱកាសគ្រប់គ្រាន់ក្នុងការសិក្សាក្នុងស្ថានភាពដ៏អំណោយផល។ «ទោះយ៉ាងណាឱកាសមិនរត់មករកក្មួយៗទេ ប្រសិនបើក្មួយៗមិនខិតខំស្រវាស្រទេញចាប់យកវាដោយខ្លួនឯងទេនោះ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោ ប៉ែន បូណា ដោយមិនភ្លេចរំលឹកពីជីវិតយុវវ័យដ៏ជូរចត់ និងការតស៊ូរៀនសូត្រក្នុងស្ថានភាពដ៏លំបាកលំបិននិងយឺតពេលរបស់យុវជនជំនាន់មុន ក្នុងនោះក៏មានរូបឯកឧត្តមផ្ទាល់មួយរូបផងដែរ។
លោក ប៉ែន បូណា បានរំលឹកថា ការសិក្សារបស់យុវជនជំនាន់មុនត្រូវបានរារាំងដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដែលក្នុងអំឡុងពេលនោះ កុមារនិងក្មេងជំទង់មិនបានរៀនសូត្រ ខណៈដែលអ្នកចេះដឹងត្រូវបានសម្លាប់ស្ទើរគ្មានសល់។ «ដូច្នេះ តើថ្នាក់ដឹកនាំរៀមច្បងយើងជួបការលំបាកយ៉ាងណាក្រោយចេញពីរបបប៉ុល ពត ទម្រាំកសាងប្រទេសឡើងវិញពីគំនរផេះបានដូចសព្វថ្ងៃ?»។ នេះគឺជាសំណួរដែលអ្នកនាំពាក្យរាជរដ្ឋាភិបាលចោទសួរដើម្បីពញាក់ស្មារតីយុវជនជំនាន់ក្រោយឱ្យខិតខំប្រឹងប្រែងនិងចាប់យកឱកាសដើម្បីក្លាយជាមូលធនមនុស្សដែលពោរពេញដោយសមត្ថភាពខ្ពស់ សុខភាពរឹងមាំ និងសីលធម៌ល្អ ស្របតាមមុំទី១នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
លោក ប៉ែន បូណា បញ្ជាក់ថា សន្តិភាពមានហើយ សាលារៀនក៏មាននៅគ្រប់ទិសទី ខណៈដែលសម្ភារៈសិក្សាក៏សម្បូរបែប ដូច្នេះ នៅសល់តែម្យ៉ាងគត់គឺ កិច្ចខិតខំប្រឹងប្រែងរបស់ក្មួយៗដោយខ្លួនឯងដែលជាកត្តាកំណត់ចុងក្រោយអំពីសមត្ថភាពរបស់ក្មួយៗថាតើក្មួយអាចធ្វើខ្លួនឱ្យក្លាយជាមូលធនមនុស្សប្រកបដោយគុណភាពខ្លាំងជាងរៀមច្បងជំនាន់មុនបានដែរឬទេ? លោក សង្ឃឹមថា ប្រាកដជាអាចធ្វើបាន៕